(រីយ៉ាដ)៖ កីឡាករប្រដាល់សកល Daniel Dubois បានខកខានឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក IBF ជាលើកទី២ របស់ខ្លួន ដោយសារមានជំងឺមុនប្រកួត ២ថ្ងៃ។

ជើងខ្លាំងសញ្ជាតិអង់គ្លេស វ័យ ២៧ឆ្នាំខាងលើនេះ មានបញ្ហាសុខភាពដោយមិនបានបញ្ជាក់ច្បាស់លាស់ និងបានអវត្តមានពីការធ្វើសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែល Dubois ត្រូវប៉ះគូប្រជែងមកពីណូវែលហ្សេឡង់ Josh Parker នៅសង្វៀនស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃសៅរ៍ស្អែកនេះ។

នេះមានន័យថា Parker វ័យ ៣៣ឆ្នាំ ត្រូវបានគណៈកម្មការផ្គូផ្គងជាមួយ Martin Bakole ជំនួសគូឯកដណ្តើមខ្សែក្រវាត់ពិភពលោក IBF វិញ។

Dubois ដែលរស់នៅទីក្រុង London បានឡើងការពារខ្សែក្រវាត់ IBF បានសម្រេចលើកទី១ តាមរយៈផ្តួល Anthony Joshua សន្លប់ក្នុងទឹកទី៥ នៅឯសង្វៀនស្ថិតនៅកីឡដ្ឋាន Wembley កាលខែកញ្ញា ឆ្នាំ២០២៤ គ្រាដែលគូប្រជែងរបស់គេ Parker ក៏មិនធម្មតាដែរ ដោយធ្លាប់ឈ្នះ ៣៥ដង ចាញ់តែ ៣ដងគត់ និងធ្លាប់កាន់កាប់ខ្សែក្រវាត់ WBO នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ដែរ៕