(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បានប្រាប់លោក Xi Jinping ប្រធានាធិបតីចិនថា ការព្រួយបារម្ភរបស់ប្រទេសចិនទាក់ទងនឹងកង្វះបន្ទះឈីបដែលផលិតក្នុងស្រុកបានធូរស្រាល។ ការ​ថ្លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក Xi និង​សហគ្រិន​វិស័យ​ឯកជន។ នេះបើយោងតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

កាសែត The People's Daily បានចេញផ្សាយអត្ថបទសង្ខេបមួយថា ក្នុងជំនួបនេះមានស្ថាបនិកក្រុមហ៊ុនចិនធំៗជាច្រើនរួមមាន លោក Ren Zhengfei ស្ថាបនិក Hawei, លោក Wang Chuanfu ស្ថាបនិក BYD, លោក Lei Jun ស្ថាបនិក Xiaomi ព្រមទាំងលោក Liang Wenfeng ស្ថាបនិក DeepSeek និង Jack Ma ស្ថាបនិក Alibaba ផងដែរ។ យ៉ាងណាក្នុងជំនួប ត្រូវបានគេសង្កេតឃើញថាអវត្តមានស្ថាបនិក Baidu លោក Robin Li នឹងបាននាំឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង។

របាយការណ៍ពីកាសែត The People's Daily បានឱ្យដឹងទៀតថា Ren បានប្រាប់លោក Xi ថា ការព្រួយបារម្ភរបស់ប្រទេសចិនអំពី «កង្វះស្នូល និងព្រលឹង» ឬ (lack of core and soul) បានធូរស្រាល ហើយបាននិយាយថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសចិនកាន់តែរីកចម្រើនលឿនជាងមុនទ្វេដង»។ ឃ្លាថា «កង្វះស្នូល និងព្រលឹង» មានតាំងពីឆ្នាំ១៩៩៩ មកម្លេះនៅពេលដែលអតីតរដ្ឋមន្ត្រីបច្ចេកវិទ្យារបស់ប្រទេសចិនបានធ្វើអត្ថាធិប្បាយអំពីឧស្សាហកម្មព័ត៌មានរបស់ប្រទេសនេះ ដោយ «ស្នូល» សំដៅលើឧបករណ៍អេឡិចត្រូនិក និង «ព្រលឹង» សំដៅលើប្រព័ន្ធប្រតិបត្តិការ។

គួរជម្រាបថា ក្រុមហ៊ុន Huawei កំពុងដើរតួនាទីស្នូលក្នុងការជំរុញរបស់ប្រទេសចិនសម្រាប់ភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃ semiconductor ដែលជាគោលដៅសំខាន់របស់ប្រធានាធិបតីលោក Xi Jinping ដោយយកឈ្នះលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីផលិតបន្ទះឈីបកម្រិតខ្ពស់ និងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន៕