(ដូហា)៖ កីឡាករតេន្នីសសញ្ជាតិអង់គ្លេស Jack Draper បានបន្តឈានទៅវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Qatar Open 2025 នៅប្រទេសកាតា ក្រោយទទួលបានជ័យជម្នះពីការវាយបកឈ្នះ Matteo Berrettini របស់អ៉ីតាលី ពីក្នុងវគ្គ ៨នាក់ចុងក្រោយយប់មិញនេះ។

Draper ដែលកំពុងព្យាយាមឈ្នះជើងឯកក្នុងកម្រិត ATP 500 ជាលើកទី២ នេះដែរ បានធ្វើការវាយបកយកជ័យជម្នះដ៏អស្ចារ្យ ២-១ វិញ ក្រោយបរាជ័យសិតទី១ ក្រោមលទ្ធផលពិន្ទុ ៤-៦ ៦-៤ និង ៦-៣ ដើម្បីទម្លាក់អតីតជើងឯករង Wimbledon ចេញពី Qatar Open ជំនាន់ទី៣៣ នេះ។

រូបគេនឹងឡើងទៅឈរក្នុងចំណាត់ថ្នាក់ Top-10 ប្រសិនបើឈ្នះ Qatar Open 2025 ដ្បិតបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៦ នៃតារាងចំណាត់ថ្នាក់ពិភពលោក។

Draper នឹងពើបប្រទះគូប្រជែងថ្មី Jiri Lehecka សម្រាប់វគ្គ ៤នាក់ចុងក្រោយ បន្ទាប់កីឡាករឆេករូបនេះ យកឈ្នះកីឡាករលេខ២ ពិភពលោក Carlos Alcaraz ក្នុងលទ្ធផល ៦-៣ ៣-៦ និង ៦-៤ រួចមកនាយប់មិញដែរ និង ១គូទៀតគឺជាការជួបគ្នារវាង Andrey Rublev ទល់នឹង Felix Auger-Alissime៕