(ភ្នំពេញ)៖ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ១ថ្ងៃពេញ នៅសាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននូវសមត្ថភាព និងបច្ចេកទេ រួមជាមួយទេពកោសល្យសរបស់អត្តពលិកគ្រប់វ័យ គឺមានការកើនឡើងខ្ពស់ដែលបានចូលរួមព្រឹត្តិការណ៍នេះ ។
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្នាំនេះមានកំណើនកីឡាករ-កីឡាការិនីចូលរួមច្រើន ពិសេសថ្នាលដែលជាសញ្ញាណដ៏ល្អនៃការអភិវឌ្ឍកីឡារាំនៅកម្ពុជា ។
លោកស្រីបន្ដថា «កីឡាករ-កីឡាការិនីរបស់សហព័ន្ធ ដែលបានចូលរួមការប្រកួតនេះ ទាំងសមត្ថភាព បច្ចេកទេស និងទេពកោសល្យ គឺមានការកើនឡើងខ្ពស់ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មការ និងគ្រូបង្វឹក ក្នុងការរៀបចំការប្រកួតនេះ ពិសេសយើងឃើញថា កីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល មានកើនឡើងនូវចំណេះជំនាញ ប្លែកតែម្ដង ។ រីឯរូបរាង្គក៏ស្រស់ស្អាត ហើយបច្ចេកទេសរាំវិញ បានធ្វើឲ្យអ្នកទស្សនា អត់ស្មានថា កូនក្មួយទាំងអស់ មានសមត្ថភាពដ៏ម្លឹងទេ ព្រោះយើងមើលទៅដូចបរទេសអ៊ីចឹង» ។
បន្ថែមលើនេះ លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាជំរុញទឹកចិត្ត និងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងបញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក៏ដូចជាបង្កើននូវជំនាញតិចនិច បច្ចេកទេសរាំកាន់តែល្អប្រសើរ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក និងជើងឯកអាស៊ី ឆ្នាំ២០២៥ នៅប្រទេសវៀតណាម នាខែកក្កដាខាងមុខ ។
គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ១ថ្ងៃពេញ គេឃើញគ្រប់ក្លិបចូលរួមទាំងអស់ សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៨គ្រឿង (មាស៧ ប្រាក់៨ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស៥ ប្រាក់៣ និងសំរឹទ្ធ៥), ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៤គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១), ខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៣), និងខេត្តកំពង់ចាម ឈរលេខ៥ ឈ្នះមេដាយសរុប ៥គ្រឿង (ប្រាក់២ និងសំរឹទ្ធ៣) ៕