(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន SAIC បានប្រកាសនៅរសៀលថ្ងៃសុក្រនេះថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតរថយន្តអគ្គិសនីឆ្លាតវៃជំនាន់ថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
SAIC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការផលិត ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាកម្មលក់ជាដើម។
គួរជម្រាបថា ជុំវិញព័ត៌មានលម្អិតអំពីភាពជាដៃគូនេះ នៅមិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយនោះទេ។ ប៉ុន្តែត្រូវបានគេរំពឹងថា កិច្ចសហការនេះនឹងនាំទៅដល់ការបង្កើតម៉ាករថយន្តថ្មីមួយដែលមានឈ្មោះថា Shangjie ដែលនឹងក្លាយជាម៉ាកយីហោទី៥ ក្រោមក្រុមហ៊ុន Huawei's Harmony Intelligent Mobility Alliance (HIMA)។ យីហោនេះ មានគោលបំណងកំណត់គោលដៅអ្នកប្រើប្រាស់វ័យក្មេងជាមួយនឹងម៉ូដែលដែលមានតម្លៃចន្លោះពី ២៣,៤៦០ដុល្លារ ទៅ ៣៥,០០០ដុល្លារ៕