(បរទេស)៖ ​ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រាប់បុគ្គលិកនៅក្នុងផ្នែកធនធានមនុស្ស​ (HR) ឬ​ «People Operations» និងអង្គភាព​ Cloud របស់ខ្លួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិកមួយចំនួនបន្ថែមទៀត​ ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។​​​​​​​​​​

ដំណឹងនេះ ត្រូវបានគេមើលឃើញថាកើតឡើងបន្ទាប់ពីប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោកស្រី Anat Ashkenazi បាននិយាយថា អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់នាងគឺ កាត់បន្ថយការចំណាយកាន់តែច្រើន ខណៈដែល Google ខកខានការរំពឹងទុកប្រាក់ចំណូលប្រចាំត្រីមាសទី៤ របស់ខ្លួន ហើយក៏កំពុងសម្លឹងមើលការពង្រីកការចំណាយរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំនេះផងដែរ។

ទាក់ទិននឹងករណីនេះ បើយោងតាមអនុស្សរណៈដែលលបានចេញផ្សាយដោយប្រធានផ្នែកធនធានមនុស្សលោកស្រី Fiona Cicconi បាននិយាយថា ក្រុមហ៊ុននឹងផ្តល់ជូននូវកម្មវិធីចាកចេញដោយស្ម័គ្រចិត្តដល់បុគ្គលិកពេញម៉ោងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងអស់ក្នុងផ្នែក «People Operations» នៅដើមខែមីនានេះ។ យ៉ាងណា សម្រាប់ចំនួនបុគ្គលិកជាក់លាក់ដែលរងផលប៉ះពាល់ក្នុងការបញ្ឈប់ជុំនេះមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែសម្រាប់ផ្នែក Cloud ត្រូវបានរាយការណ៍ថា ប៉ះពាល់ជាពិសេសដល់បុគ្គលិកផ្នែកជំនួយប្រតិបត្តិការរួមមាន sales operations, customer experience, internal deal និង marketing។​

គួរជម្រាបថា ចំពោះបុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់នេះ Google ទំនងមិនមើលនឹងភ្នែកនោះទេ ពោលមានបុគ្គលិកមួយចំនួនអាចនឹងផ្លាស់ប្តូរតួនាទីនឹងបញ្ចូនទៅប្រទេសផ្សេង៕