(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសថាការធ្វើឱ្យប្រសើរឡើងនូវបញ្ញាសិប្បនិម្មិត្ត AI មួយចំនួនដល់ជំនួយការសំឡេងរបស់ខ្លួន Siri នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៦។ ជុំវិញមូលហេតុពន្យាពេលនេះមិនត្រូវបាន Apple បញ្ជាក់នោះទេ ខណៈក្រុមហ៊ុនខ្នាតយក្សនេះបានចង្អុលបង្ហាញថា លក្ខណៈពិសេសនេះដំបូងឡើយគ្រោងនឹងមកដល់នៅឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន​ Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបាននឹងកំពុងធ្វើការលើ Siri ផ្ទាល់ខ្លួនបន្ថែមទៀត ដែលមានបំណងបង្កើនការយល់ដឹងរបស់ជំនួយការសំឡេងអំពីបរិបទអ្នកប្រើប្រាស់ និងសមត្ថភាពរបស់វាក្នុងការអនុវត្តការងារលើកម្មវិធីផ្សេងៗ។ Apple ទទួលស្គាល់ថាវានឹងចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែសមត្ថភាពពិសេសនេះនឹងព្យាយាមដាក់ឱ្យប្រើប្រាស់នៅឆ្នាំខាងមុខនេះ។

កាលពីឆ្នាំមុន Apple បានប្រកាសពីមុខងារ AI-driven ជាច្រើនដែលហៅថា Apple Intelligence ដែលរួមបញ្ចូលនូវសមត្ថភាពថ្មីដូចជាការសរសេរអ៊ីមែលឡើងវិញ និងការសង្ខេបសារ។ យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយនេះបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ cloud computing ថ្មីដ៏ធំដែលដំណើរការលើបន្ទះឈីបផ្ទាល់ខ្លួន ដើម្បីរក្សាជំហរឯកជនភាពរបស់ខ្លួន ខណៈពេលដែលផ្តល់នូវលក្ខណៈពិសេស AI។​ Apple បញ្ជាក់ថា សមត្ថភាពពិសេសនេះ នឹងអនុញ្ញាតឱ្យ Siri អាចគាំទ្រអ្នកប្រើប្រាស់ដល់ទៅ ១.៥ពាន់លាននាក់ក្នុងមួយថ្ងៃ។

គួរជម្រាបថា គូប្រជែងរបស់ Apple បច្ចុប្បន្ននេះក៏កំពុងប្រញាប់ប្រញាល់បន្ថែមមុខងារ​ AI ទៅកាន់ជំនួយការសំឡេងរបស់ពួកគេផងដែរ ដោយក្នុងនោះគេមើលឃើញថាក្រុមហ៊ុន​ Alphabet បានបន្ថែមលក្ខណៈពិសេសនៅក្នុង​ Gemini ចូលទៅក្នុង Google។ ដោយឡែកចំពោះ Amazon បានបន្ថែមលក្ខណៈពិសេសចូលទៅក្នុងជំនួយការ Alexa របស់ខ្លួន៕