(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះផ្លូវការក្រុមជម្រើសជាតិកម្ពុជា ដែលមានកីឡាករ ២៣នាក់ ត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិអារូបា នាថ្ងៃទី១៩ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ក្នុងចំណោមបេក្ខភាព ២៣នាក់ខាងលើ គេឃើញមានសមាជិកក្លិប Top-3 នៃលីគកំពូលកម្ពុជា រហូតដល់ ១៧រូប រួមមានក្លិបព្រះខ័នរាជស្វាយរៀង ៦រូប មានកីឡាករ សឿយ វិសាល, សារ៉េត គ្រីយ៉ា, Nick Taylor, ញាណ សុស៊ីដាន, ជូន ស៊ីនទិ និងអ្នកចាំទី វីរៈ ដារ៉ា ។ ក្លិបភ្នំពេញក្រោន ៥រូប មានកីឡាករ អូសិ តាកាគិ, យូឌៃ អូកាវ៉ា, នេតូ រ៉ុនដុន រ៉ាហ្វេអេស, លឹម ពិសុទ្ធ និង បុង សាំយូអ៊េល និងវិសាខា ៦រូប មានកីឡាករ កាន់ ម៉ូ, អ៊ុក សុវណ្ណ, ស៊ិន កក្កដា, ស៊ិន សុវណ្ណមករា, ស រតនា និងអ្នកចាំទី កែវ សុខសិលា។
ដោយឡែកកីឡាករ ៦រូបទៀត រួមមានកីឡាករ ផាត សុខា និងអ្នកចាំទី រ៉េតលីហេង មកពីណាហ្គាវើលដ៏ ។ កីឡាករ សៀង ចន្ធា និង តាំង ប៊ុនឆៃ មកពីក្លិបបឹងកេត ។ កីឡាករ ឃូលីបាលី អាបឌែល មកពីអង្គរថាយហ្គឺរ និងកីឡាករ ហាវ សុខនេត្រ មកពីក្លិប ISI ដង្កោសែនជ័យ។
គួរដឹងថា ក្រោមការដឹកនាំរបស់គ្រូបង្គោលពេញសិទ្ធ លោក Koji Gyotoku ដែលសហព័ន្ធ ទើបប្រកាសជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ ក្រុមគោព្រៃកម្ពុជា ត្រៀមប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតចំពោះមុខ ពោលគឺត្រៀមជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៩ ខែមីនា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុមជម្រើសជាតិ Aruba វិញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕