(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបញ្ជាក់ថា សន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (WWDC) របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងតាមអ៊ីនធឺណិតទាំងស្រុង ហើយមិនមានការគិតថ្លៃសម្រាប់ developer ទាំងអស់ ដោយអនុញ្ញាតឱ្យពួកគេចូលប្រើវគ្គវីដេអូ និងបន្ទប់ពិសោធន៍និម្មិតតាមរយៈកម្មវិធី Apple Developer, website និង YouTube channel ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
Apple បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីការធ្វើបច្ចុប្បន្នភាពកម្មវិធីពិសេសៗដែលដំណើរការនៅលើ iPhone, iPad និង ឧបករណ៍របស់ខ្លួនដទៃទៀត។ ដោយឡែក នឹងមាន developer និងសិស្សមួយចំនួននឹងត្រូវបានអញ្ជើញឱ្យចូលរួមដោយផ្ទាល់នៅ Apple Park នៅថ្ងៃបើក។
បើក្រឡេកទៅក្នុងសន្និសីទកាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានបង្ហាញនូវមុខងារ AI-enabled ជាច្រើន ដែលរួមបញ្ចូលនូវសមត្ថភាពថ្មីៗ ដូចជាការសរសេរអ៊ីមែលឡើងវិញ និងការសង្ខេបប្រអប់សំបុត្រដែលមានភាពស្មុគ្រស្មាញ។ យ៉ាងណា ក្នុងសន្និសិទក្នុងឆ្នាំនេះត្រូវបានគេរំពឹងថានឹងផ្តោតលើការបង្កើតបទពិសោធន៍ដែលរួបរួមបន្ថែមទៀតនៅទូទាំងវេទិការបស់ Apple ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចំពោះ Siri និង Apple Intelligence។
គួរជម្រាបថា សម្រាប់អ្នកគាំទ្រ Apple ទំាងអស់ដែលចង់ដឹងព័ត៌មានបន្ថែមអំពីសន្និសីទនេះអាចធ្វើការតាមដានបានតាមរយៈកម្មវិធី Apple Developer និងគេហទំព័រ WWDC25។ WWDC គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ្នកអភិវឌ្ឍន៍ (developer) និងអ្នកចូលចិត្តបច្ចេកវិទ្យាដូចគ្នា ដោយផ្តល់ការយល់ដឹងអំពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Apple និងផែនការអនាគត៕