(វ៉ាស៊ីនតោន)៖ កម្មវិធី TikTok បានបើកដំណើរការសេវារបស់ខ្លួនឡើងវិញសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះប្រកាសបិទ ដោយសារតែបម្រាមសហព័ន្ធមួយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងព្យាយាមបញ្ឈប់តាមរយៈការចេញបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃដំបូងដែលលោកចូលស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ បាននិយាយថាលោកមានគម្រោងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីទុកពេលវេលាបន្ថែមឱ្យ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន ByteDance ស្វែងរកអ្នកទិញយកកម្មវិធីមួយនេះ មុននឹងបម្រាម ចូលជាធរមានទាំងស្រុង។ នៅក្នុងការបង្ហោះមួយរបស់ខ្លួន TikTok ក៏បានបញ្ជាក់ដែរថា «ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ TikTok បានត្រឡប់មកវិញនៅក្នុងសហរដ្ឋអាមេរិក»។
តាមក្រុមហ៊ុន TikTok កម្មវិធីរបស់ខ្លួនបានសម្រេចចិត្តបិទនៅសហរដ្ឋអាមេរិក កាលថ្ងៃសៅរ៍ ទី១៨ ខែមករា ដោយសារតែច្បាប់សហព័ន្ធមួយក្រោមអាណត្តិរបស់លោក ចូ បៃដិន ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ទី១៩ ខែមករា។ ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple ក៏បានលុបចោលកម្មវិធី TikTok ចេញពី App Store ឬ Play store ដែរ។ ច្បាប់នេះដែរត្រូវបានអនុម័តយ៉ាងទូលំទូលាយពីសំណាក់ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។
* ហេតុអ្វី TikTok ត្រូវបានឃាមឃាត់នៅសហរដ្ឋអាមេរិក ហើយតើលោក ត្រាំ អាចធ្វើអ្វីបានខ្លះ?
ច្បាប់ហាមឃាត់ TikTok នៅសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ បានតម្រូវឱ្យក្រុមហ៊ុន ByteDance ផ្ដាច់ទំនាក់ទំនងជាមួយប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ។ តែទោះជាបែបនេះក្ដី ច្បាប់នៅអាមេរិកបានអនុញ្ញាតឱ្យប្រធានាធិបតីកំពុងកាន់អំណាច ពន្យារពេលបាន៩០ថ្ងៃ ប្រសិនបើការលក់ដំណើរការទៅមុខ។ ជាការពិតណាស់ ទោះជាក្រុមអ្នកវិនិយោគផ្ដល់សំណើមួយចំនួនក៏ពិតមែន ក៏ក្រុមហ៊ុន ByteDance មិនព្រមលក់ TikTok នោះដែរ។ ចំណែក លោក ត្រាំវិញបាននិយាយថាបទបញ្ជារបស់លោកនឹងបន្ថែមពេលវេលា មុនច្បាប់ហាមឃាត់ TikTok ចូលជាធរមាន ហើយបានបញ្ជាក់ដែរថានឹងមិនមានក្រុមហ៊ុនណាមួយអាចជួយឱ្យ TikTok រួចផុតពីការបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុននឹងបទបញ្ជារបស់ត្រូវបានចេញនោះទេ។ ក៏ប៉ុន្តែ ភ្លាមៗវាមិនទាន់ច្បាស់នោះទេថាតើពាក្យសន្យា ឬសកម្មភាពរបស់លោក ត្រាំ អាចជួយឱ្យ TikTok រួចផុតពីបម្រាមដែរ ឬក៏យ៉ាងណា ខណៈតុលាការកំពូលបានអនុម័តជាឯកច្ឆន្ទលើការរក្សាទុកជាបានការនូវបម្រាមកាលពីថ្ងៃសុក្រកន្លងទៅ ព្រមទាំងច្បាប់ដែលបានចូលជាធរមានរួចទៅហើយនោះ មុនថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែងទៅទៀត។
លោក Mike Gallagher ជាអ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wisconsin បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា «វានឹងមិនមានឡើយការបន្ថែមពេលវេលា សម្រាប់ TikTok»។ «ទុកឱ្យខ្ញុំប្រាប់អ្នក នោះគឺថាក្នុងនាមជាអ្នកតាក់តែងច្បាប់ម្នាក់ ការពន្យារពេលគឺមានរយៈពេល ២៧៩ថ្ងៃ ដែលត្រូវបានបញ្ចប់កាលពីវេលាម៉ោង ១២៖០១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ»។ នេះជាការបញ្ជាក់របសលោក Gallagher ដោយបន្ថែមថា លុះត្រាតែប្រធានាធិបតីអាចបញ្ជាក់បានថាមានឯកសារស្របច្បាប់ដែលបង្ហាញថាការលក់កំពុងដំណើរការទៅមុខ នោះទើបវាអាចមានការពន្យារពេលបន្ថែម។ នៅត្រង់ចំណុចនេះដែរ លោក Carl Tobias ជាសាស្ត្រាចារ្យច្បាប់មកពី សាកលវិទ្យាល័យ Richmond បាននិយាយថាលោកផ្ទាល់គិតថាលោក ត្រាំ អាចនឹងធ្វើការអះអាងមួយថានិយមន័យបែបនេះគឺមានន័យស្មើនឹងគ្របដណ្ដប់លើប្រធានាធិបតីទាំងអស់។
តែសម្រាប់អ្នកជំនាញផ្នែកច្បាប់ និងរដ្ឋធម្មនុញ្ញ ដូចជាលោក Kirk McGill បាននិយាយថាលោក ត្រាំខ្វះខាតសិទ្ធិអំណាចស្របច្បាប់ ដើម្បីព្យួរ ឬផ្អាកបម្រាម។ ប៉ុន្តែវាទំនងជានឹងមិនមែនជាបញ្ហាដែលត្រូវឈានដល់តុលាការក្នុងពេលដែលគេ អាចរកបានអ្នកទិញយក TikTok នោះទេ។ មិនតែប៉ុណ្ណោះ វាក៏មិនទំនងនោះដែរដែល Apple ឬ Google នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់ ប្រសិនបើពួកគេធ្វើតាមការទាមទាររបស់លោក ត្រាំ ដោយសារតែរដ្ឋបាលថ្មីរបស់លោក ត្រាំ ជាអ្នកអនុវត្តច្បាប់ស្រាប់ផងនោះ។ នេះជាការយល់ឃើញរបស់លោក McGill។ អ្នកជំនាញរូបនេះបន្តថា «នៅសប្ដាហ៍បន្ទាប់ ឬ២សប្ដាហ៍ទៀត ពោលគឺមុននឹងតុលាការមានឱកាសធ្វើអ្វីៗគ្រប់យ៉ាង ប្រាកដណាស់ វាអាចនឹងក្លាយជាការតស៊ូ ខាងនយោបាយផងដែរ មិនមែនត្រឹមតែតាមផ្លូវច្បាប់ប៉ុណ្ណោះទេ។
* TikTok គ្រាន់តែបិទជាបណ្ដោះអាសន្ន ឬ?
ការបិទ ហើយបើកដំណើរការ TikTok ឡើងវិញនៅសហរដ្ឋអាមេរិក កើតមានឡើងក្រោយតុលាការកំពូលអាមេរិករកឃើញថាហានិភ័យដល់សន្តិសុខជាតិដែលបង្កឡើងដោយ TikTok ដោយសារតែទំនាក់ទំនងជាមួយចិន គឺមានវិសាលភាពធំ ជាងការរឹតត្បិតសេរីភាពបញ្ចេញមតិនៅលើកម្មវិធីមួយនេះដែលមានប្រជាជនអាមេរិកប្រើប្រាស់ជាង ១៧០លាននាក់។ នៅពេលអ្នកប្រើប្រាស់ TikTok នៅក្នុងសហរដ្ឋអាមេរិកព្យាយាមចូលមើល ឬបង្ហោះវីដេអូរបស់ខ្លួនលើកម្មវិធីនេះកាលពី យប់ថ្ងៃសៅរ៍ ពួកគេបានឃើញសារលោតឡើងថា «សូមអភ័យទោស TikTok មិនមានទៀតទេនៅពេលនេះ»។ «ច្បាប់មួយដែលហាមប្រាម TikTok បានចូលជាធរមាននៅសហរដ្ឋអាមេរិក។ ជាអកុសលវាមានន័យថាអ្នកមិនអាចប្រើប្រាស់ TikTok បានទៀតទេក្នុងពេលនេះ»។ នេះជាការបញ្ជាក់របស់ TikTok។ TikTok ត្រូវបានលុបចេញពី App Store នៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ហើយការលុបចោលនេះនៅតែមានរហូតដល់រសៀលថ្ងៃអាទិត្យ។ ក្រុមហ៊ុន Apple បានប្រាប់ អតិថិជនរបស់ខ្លួនថាខាងក្រុមហ៊ុនក៏បានលុបចោលកម្មវិធីមួយចំនួនផ្សេងទៀតដែលអភិវឌ្ឍដោយក្រុមហ៊ុន ByteDance ផងដែរ ក្នុងនោះរួមមានកម្មវិធី Lemon8 ដែលអ្នកលេងបណ្ដាញសង្គមល្បីៗមួយចំនួនបានផ្សព្វផ្សាយថាអាចលេងជំនួស TikTok បាន រួមទាំងកម្មវិធី CapCut និង Hypic ជាដើម។ ដោយឡែក ក្រុមហ៊ុន Google បានបដិសេធធ្វើអត្ថាធិប្បាយ។ ក្រុមអ្នកជំនាញបានលើកឡើងថាច្បាប់ដែលបានអនុម័តរួចទៅហើយ គឺមិនបានតម្រូវឱ្យ TikTok បិទកម្មវិធីរបស់ខ្លួន នោះទេ គឺគ្រាន់តែត្រូវបានលុបចោលចេញពី app stores ខណៈអ្នកប្រើប្រាស់បច្ចុប្បន្នសង្ឃឹមថាពួកគេអាចនឹងបន្តចូលប្រើ TikTok រហូតទាល់តែគ្មានការធ្វើបច្ចប្បន្នភាព ឬ updates ដែលធ្វើឱ្យកម្មវិធីឈប់ដំណើរការ។
* តើពេលវេលានៃបម្រាមអាចជួយ TikTok ឬ?
ផែនការរបស់លោក ដូណាល់ ត្រាំ ដើម្បីទុកពេលឱ្យ TikTok នៅចំថ្ងៃដំបូងនៃការស្បថចូលកាន់តំណែងរបស់លោក បានឆ្លុះបញ្ចាំងពីភាពចៃដន្យនៃពេលវេលានៃបម្រាម និងផលប្រយោជន៍នយោបាយ ពាក់ព័ន្ធនឹងបណ្ដាញទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយភាពដូចជា TikTok។ កាលពីអំឡុងអាណត្តិទី១ជាប្រធានាធិបតី លោក ត្រាំ កាលពីឆ្នាំ២០២០ បានចេញបញ្ជាប្រតិបត្តិមួយដើម្បីហាមប្រាមទំនាក់ទំនងជាមួយក្រុមហ៊ុន ByteDance និងក្រុមហ៊ុនដែលជាម្ចាស់កម្មវិធី WeChat។ តែបទបញ្ជានេះត្រូវបានរាំងខ្ទប់ភ្លាមៗដោយតុលាការ។ ចាប់តាំងពីពេលនោះមក លោក ត្រាំ បែរជាងាកមកកោតសរសើរ និងប្រើ TikTok ទៅវិញ ដោយជួយឱ្យរូបលោកទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២៤។ CEO TikTok លោក Shou Chew ត្រូវបានរំពឹងថានឹងចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ដោយត្រូវអង្គុយនៅទីតាំងដ៏សំខាន់ទៀតផង។ ក្រៅពីនេះ លោក Michael Waltz ដែលត្រូវបានលោក ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថាលោកប្រធានាធិបតីជាប់ឆ្នោតបានពិភាក្សាពី TikTok អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ហើយថាមេដឹកនាំទាំង២ បានយល់ព្រមធ្វើការងាររួមគ្នាលើបញ្ហា TikTok។ រដ្ឋបាលលោក ចូ បៃដិន កាលពីប៉ុន្មានថ្ងៃថ្មីៗនេះក៏បានសង្កត់ធ្ងន់ដែរថាខ្លួនមិនមានចេតនាដើម្បីអនុវត្តបម្រាមលើ TikTok មុននឹងលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករានោះឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ByteDance បានអះអាងជាសាធារណៈជារឿយៗថាខ្លួននឹងមិនលក់ TikTok ទេ ហើយក៏គ្មានអ្នកទិញទំនងណាមួយលេចមុខឡើងនោះដែរ។ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Perplexity AI បានដាក់សំណើទៅកាន់ក្រុមហ៊ុន ByteDance ដើម្បីបង្កើតកម្មវិធីថ្មីមួយដែលមានការរួមផ្សំគ្នារវាងក្រុមហ៊ុន Perplexity ជាមួយប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក។ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកតំណាងរាស្ត្រ និងក្រុមមន្ត្រីអាមេរិកបានព្រមានជាយូរមកហើយថាចិនអាច នឹងប្រើឥទ្ធិពលរបស់ខ្លួនតាមរយៈ TikTok។ តែមកទល់សព្វថ្ងៃ សហរដ្ឋអាមេរិកមិនបានចេញផ្សាយជាសាធារណៈនូវភស្តុតាងបង្ហាញថា TikTok បានផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យអាជ្ញាធរចិននោះទេ។ ម្យ៉ាងវិញទៀត អ្វីដែលគេមិនច្បាស់នោះគឺ ថាតើលោក ត្រាំ នឹងបន្តនៅតែជា Fan របស់ TikTok ដែរឬក៏យ៉ាងណា? ពីព្រោះថាកន្លងមកលោកជាអ្នកស្នើឱ្យអាមេរិកបិទ TikTok តែឥលូវលោកបែរជាចង់ឱ្យ TikTok បន្តដំណើរការទៅវិញ។ ដូច្នេះគេមិនអាចធានាបានឡើយថាលោក ត្រាំ នឹងមិនប្ដូរចិត្តរបស់គាត់៕