(ប៉េកាំង)៖ ការព្រមានដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីសន្ធិញ្ញាអាវុធនុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ីដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានអ្នកជំនាញមួយចំនួនយល់ថា វានឹងក្លាយជាជំហានថ្មីមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមទប់ស្កាត់ការអភិវឌ្ឍមីស៊ីលរបស់ចិន ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តើចិនមានមីស៊ីលប៉ុន្មានគ្រាប់ ហើយមានសមត្ថភាពដល់កម្រិតណា ទើបជម្រុញឱ្យលោក ដូណាល់ ត្រាំ ចង់ដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF។
សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញានេះបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទមីស៊ីល-នុយក្លេអ៊ែរ ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ បើតាមលោក ត្រាំ សន្ធិសញ្ញានេះបែរជាទុកឱកាសឱ្យទីក្រុងប៉េកាំង បង្កើនសមត្ថភាពយោធា និងមីស៊ីលយ៉ាងខ្លាំងក្លាទៅវិញ។
ជាក់ស្ដែងបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) មីស៊ីលរបស់ចិនពី ៣០ ទៅ ៥០ភាគរយ គឺមិនសមស្របទៅនឹងសន្ធិសញ្ញា INF ខណៈចិនមិនមែនជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញានេះឡើយ។ ដូច្នេះទើប សហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្រួយបារម្ភថា INF នឹងផ្ដល់ឱកាសឱ្យចិនអភិវឌ្ឍន៍មីស៊ីល ស្របពេលការដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម
របស់អាមេរិកត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញា INF ជាមួយរុស្ស៊ី។
ដោយឡែក ជុំវិញមីស៊ីលរបស់ចិនដែរ អ្នកជំនាញយោធាអាមេរិកម្នាក់ លោក Harry Kazianis បានឱ្យដឹងថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ២៨០គ្រាប់ រីឯអ្នកជំនាញយោធារុស្ស៊ីលោក វ៉ាស៊ីលី កាឈីន (Vassili Kachine) អះអាងថា ចិនមានមីស៊ីលរយៈចំងាយខ្លី និងមធ្យមច្រើនជាង ២,០០០គ្រាប់ រួមទាំងមីស៊ីលដែលបាញ់បានរយៈចំងាយ ៤,០០០គីឡូម៉ែត្រផងដែរ។
លើសពីនេះទៅទៀត អ្វីដែលសហរដ្ឋអាមេរិកកាន់តែព្រួយបារម្ភនោះ គឺកងទ័ពចិនកាលពីខែមេសា កន្លងទៅបានទទួលមីស៊ីលរយៈចំងាយមធ្យមប្រភេទថ្មីឈ្មោះ Feng-26 (DF-26) ដែលជាប្រភេទមីស៊ីលត្រូវបានហាមឃាត់ នៅក្នុងសន្ធិសញ្ញា INF និងមានសមត្ថភាពបាញ់កម្ទេចនាវាចម្បំាង នៅរយៈចំងាយ ៤,០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានព្រមានថា នឹងដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងម៉ូស្គូបានរំលោភលើសន្ធិសញ្ញានេះជាច្រើនដង។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នាលោក ក៏បានបញ្ជាក់ដែរថា ការព្រមានដកខ្លួននេះគឺដោយសារតែចិន និងរុស្ស៊ីចេះតែពង្រីកឥទ្ធិពលយោធារបស់ខ្លួនជារៀងរាល់ឆ្នាំ៕
ប្រភព៖ Sputnik (ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨)