(អាមេរិក)៖ តុលាការអាមេរិក ទើបតែបញ្ចេញឯកសារពាក់ព័ន្ធការផ្តល់សក្ខីកម្មរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន Tesla លោក Elon Musk បន្ទាប់ពីលោកត្រូវបានអ្នកជំនាញមុជទឹកជនជាតិអង់គ្លេសម្នាក់ឈ្មោះ Vernon Unsworth ប្តឹងពីបទបរិហាកេរ្តិ៍ ខណៈជម្លោះរវាងអ្នកទាំងពីរបានកើតមានឡើងចេញពីករណីក្មេងប្រុសថៃ១២នាក់ជាប់ក្នុងរូងភ្នំ កាលពី ឆ្នាំ ២០១៨។ នេះបើ តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ជម្លោះរវាងលោក Musk និងលោក Unsworth បានផ្ទុះឡើង នៅពេលលោក Unsworth ដែលជាអ្នកបានចូលរួមក្នុង ប្រតិបត្តិការ ជួយសង្រ្គោះក្មេងទាំង១២នាក់នោះ បាននិយាយពាក់ព័ន្ធអំពីលោក Musk ក្នុងបទសម្ភាសន៍មួយរបស់សារព័ត៌មាន CNN កាល ពីឆ្នាំ២០១៨។ គ្រា នោះ លោក Unsworth បាននិយាយថា កូននាវាមុជទឹក ដែលលោក Musk បានបញ្ជូនទៅកាន់ប្រទេសថៃ ដើម្បីជួយដល់ប្រតិបត្តិការសង្រ្គោះ គឺគ្រាន់តែជាការទាក់ទាញចំណាប់អាម្មណ៍ពីមហាជនប៉ុណ្ណោះ ដោយវាមិនអាចប្រើជាការ កើតឡើយ។
ជាការឆ្លើយតបលោក Musk បានបង្ហោះសារលើបណ្តាញសង្គម Twitter ហៅលោក Unsworth ថា «Pedo Guy» ដែលអាចមាន ន័យថា ជនបុរសចូលចិត្តបៀតបៀនផ្លូវភេទលើកុមារ។ ក្រោយមកលោក Musk ក៏បានលុបសារនោះចោល ហើយសុំទោស ជា សាធារណៈ បន្ទាប់ពីមានការរិះធ្ងន់ៗ។ យ៉ាងណាមិញ លោក Unsworth បានដាក់ពាក្យបណ្តឹងប្រឆាំងលោក Musk ពីបទបរិហា កេរ្តិ៍ទៅកាន់តុលាការក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។
នៅក្នុងឯកសារ ដែលតុលាការបញ្ចេញនាដើមសប្តាហ៍នេះ លោក Musk បាននិយាយថា ការដែលលោកហៅលោក Unsworth ថា «Pedo Guy» លើបណ្តាញ Twitter គឺលោកគ្រាន់តែចង់បង្អាប់ធ្វើឲ្យលោក Unsworth អាម៉ាស់មុខវិញប៉ុណ្ណោះ បន្ទាប់ពីលោក ត្រូវបានលោក Unsworth រិះគន់ ដោយមិនមែនសំដៅចង់ចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះ លោក Unsworth ថា ជនបៀតបៀនផ្លូវ ភេទលើកុមារឡើយ។
គួរជម្រាបថា ការបើកសវនាការនៃសំណុំរឿងប្តឹងផ្តល់ពីបទបរិហាកេរ្តិ៍ខាងលើ ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩៕