(អ៊ីស្រាអែល)៖ ឧត្ដមសេនីយត្រី ដ្រ ហ្សាឡុម (Dror Shalom) ដែលជាប្រធានអង្គភាពស៊ើបការណ៍សំងាត់ នៃយោធាអ៊ីស្រាអែលបាននិយាយថា យោធារបស់ខ្លួនបាននិងកំពុងបញ្ជៀសរាល់ជម្លោះ ឬការប៉ះទង្គិចគ្នាណាមួយជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីយន្ដហោះយោធារុស្ស៊ីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅស៊ីរីកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែល នៅសប្ដាហ៍នេះ លោក Dror Shalom បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងបើកកិច្ចពិភាក្សាដ៏ល្អជាមួយរុស្ស៊ី... ត្បិតយើងមិនចង់ប៉ះទង្គិចជាមួយពួកគេនោះទេ។ ប៉ុន្តែពួកគេក៏ដឹងដែរថាយើងជានរណា ហើយមានសមត្ថភាពបង្កការខូចខាតដល់កម្រិតណា»។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រព័ន្ធការពារដែនអាកាសស៊ីរី S-200 បានច្រឡំបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី Il-20 កំឡុងកំពុងតាមបាញ់ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែល ដែលដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី។ ក្រោយហេតុការណ៍នេះ រុស្ស៊ីបានទម្លាក់ការទទួលខុសត្រូវទៅលើអ៊ីស្រាអែល តែក៏មិនបានចាត់វិធានការឆ្លើយតបអ្វីដែរ៕