(បរទេស)៖ អ្នកវិទ្យាសាស្រ្តទើបប្រទះឃើញព្រះច័ន្ទចំនួន ២០បន្ថែមទៀតនៅជុំវិញភពសៅរ៍ (Saturn) ដែលធ្វើឲ្យភពឧស្ម័នយក្សនេះមានព្រះច័ន្ទ ដែលគេបានដឹងសរុបកើន ៨២ហើយ ព្រមទាំងច្រើនជាងគេដាច់ឆ្ងាយ នៅក្នុងប្រព័ន្ធព្រះអាទិត្យមួយនេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

ព្រះច័ន្ទថ្មីទាំង ២០ គឺសុទ្ធតែមានទំហំតូចៗ ដោយអង្កត់ផ្ចិតរបស់ពួកវាមានប្រវែងប្រហែល ០៥គីឡូម៉ែត្រប៉ុណ្ណោះ។ ក្នុងចំណោមនោះ ព្រះច័ន្ទចំនួន ១៧មានគន្លងគោចរជាលក្ខណៈ Retrograde ដែលបញ្ច្រាស់ទិសជាមួយរង្វិលជុំរបស់ភពសៅរ៍។ ដើម្បីក្រឡឹងភពសៅរ៍បានមួយជុំ ពួកវាត្រូវចំណាយពេលជាង ០៣ឆ្នាំ (ពេលវេលាលើផែនដី)។

សម្រាប់ព្រះច័ន្ទ០៣ទៀត ដែលមានគន្លងគោចររបៀប Prograde ដែលស្របនឹងទិសនៃរង្វិលជុំរបស់ភពសៅរ៍ មានមួយត្រូវចំណាយពេលជាង ០៣ឆ្នាំ ដើម្បីធ្វើដំណើរជុំវិញភពសៅរ៍បានមួយជុំ ខណៈពីរទៀតបញ្ចប់ការធ្វើដំណើរមួយជុំរបស់ពួកវា ក្នុងរយៈពេល ០២ឆ្នាំ។

គួរជម្រាបថា ការដាក់ឈ្មោះឲ្យព្រះច័ន្ទទាំង ២០ ក៏ត្រូវបានបើកទូលាយឲ្យមានការផ្តល់យោបល់ ពីសាធារណជនផងដែរ។ អ្នកមានចំណាប់អារម្មណ៍គឺអាចដាក់សំណើបាន តាមរយៈការប្រើប្រាស់បណ្តាញសង្គម Twitter ហើយ Tweet ទៅកាន់គណនី @SaturnLunacy ចាប់ពីពេលនេះរហូតដល់ថ្ងៃទី០៦ ខែធ្នូ ដោយភ្ជាប់ជាមួយនូវមូលហេតុ នៃឈ្មោះដែលអ្នកចង់ដាក់ ហើយប្រើ hashtag #NameSaturnsMoons។

យ៉ាងណាមិញ ការដាក់ឈ្មោះនោះមានលក្ខខណ្ឌចម្បងៗមួយចំនួន ព្រោះព្រះច័ន្ទដ៏ច្រើនរបស់ភពសៅរ៍ ត្រូវបានគេបែងចែកចេញជាក្រុមៗ ដូច្នេះឈ្មោះរបស់ពួកវាមិនមែនចេះតែដាក់នោះទេ។ ឧទាហរណ៍ព្រះច័ន្ទ Prograde ចំនួន ០២ ក្នុងចំណោមនោះស្ថិតក្នុងក្រុមគេហៅថា Inuit ហេតុដូចនេះសំណើឈ្មោះទាំងអស់ ត្រូវជាឈ្មោះនៃតួអង្គក្នុងទេវកថា របស់ពួក Inuit។

រីឯព្រះច័ន្ទប្រភេទ Prograde មួយទៀតស្ថិតក្នុងក្រុមគេហៅថា Gallic ដូច្នេះឈ្មោះរបស់វា ត្រូវដាក់ទាក់ទឹងនឹងតួអង្គក្នុងទេវកថាពួក Gallic។ សម្រាប់ព្រះច័ន្ទប្រភេទ Retrograde ទាំង ១៧ វិញស្ថិតក្នុងក្រុម Norse ដូច្នេះឈ្មោះពួកវា គឺត្រូវដាក់តាមតួអង្គក្នុងទេវកថាពួក Norse។ ការរកឃើញនេះគឺជាការផ្តួលភពព្រហស្បតិ៍ ដែលពីមុនបានឈរនៅលេខរៀងទី ១ ជាមួយប្រព័ន្ធដែលត្រូវបានរកឃើញសរុបចំនួន ៧៩៕