(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបង្គាប់ឱ្យប្រជាជនរាប់ម៉ឺននាក់ ជម្លៀសខ្លួនទៅកាន់កន្លែង មានសុវត្ថិភាពរៀបចំឡើងដោយរដ្ឋ ជាបណ្ដោះអាសន្ន ស្របពេលភ្លើងឆេះព្រៃនៅតែបន្តវាយលុករដ្ឋភាគខាងលិច មួយនេះរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

អាកាសធាតុស្ងួតហួតហែង និងខ្យល់បក់ខ្លាំង ត្រូវបានគេរាយការណ៍ថាគឺជាមូលហេតុបង្កឱ្យមានភ្លើងឆេះព្រៃនៅ រដ្ឋកាលីហ្វ័រញ៉ា ក្នុងខែតុលានេះ ដោយនៅតំបន់ជុំវិញទីក្រុង ឡូស អាន់ជែលឡែស ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបង្ខំឱ្យផ្លូវសំខាន់ៗជាច្រើនត្រូវផ្អាកចរាចរណ៍ផងដែរ។ ដោយឡែក នៅឯទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) អាជ្ញាធរអាមេរិកបានបង្គាប់ឱ្យប្រជាជន ៥០,០០០នាក់ ជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព ជាមួយការព្រមានថាភ្លើងឆេះព្រៃអាចនឹងរាលដាលកាន់តែធំ។

គួរជម្រាបថា ប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃ អាជ្ញាធរអាមេរិកបានប្រកាសភាពអាសន្ន នៅក្នុងទីក្រុង ឡូស អាន់ជែលឡែស និងតំបន់ Sonoma ហើយក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់កំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ខណៈ តំបន់ចំនួន៣៦ អាចនឹងគ្មានអគ្គិសនីប្រើប្រាស់ក្នុងរយៈពេល៤៨ម៉ោង ឬយូរជាងនេះ ដែលនឹងផ្ដល់ផលប៉ះពាល់ដល់ ប្រជាជនជាង ២លាននាក់៕