(សាន់ទីអេហ្គោ)៖ ប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) បានរុះរើគណៈរដ្ឋមន្ត្រី ចោលហើយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក៏ដូចជាដាក់ចេញនូវកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ ក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

លោក ភីណេរ៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅឈីលី) បន្ទាប់ពី លោកផ្ទាល់បានអះអាងថា លោកបានលឺច្បាស់ណាស់អំពីសាររបស់ប្រជាជនឈីលីដល់ទៅជាងមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានី សាន់ត្យ៉ាហ្គោ (Santiago) ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។

ប្រធានាធិបតីឈីលីរូបនេះ បានលើកឡើងដូច្នេះថា៖ « ខ្ញុំបានជូនដំណឹងដល់រដ្ឋមន្ត្រីទាំងអស់របស់ខ្ញុំរួចរាល់ហើយ ពីការរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ ដើម្បីបង្កើតរដ្ឋាបាលថ្មី និងធ្វើកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ ក្រុមបាតុករ...យើងកំពុងស្ថិតនៅក្នុងការពិតថ្មីមួយ ហើយឈីលីនៅថ្ងៃនេះ នឹងខុសពីឈីលីកាលពីសប្ដាហ៍មុន»

គួរបញ្ជាក់ថា លោកប្រធានាធិបតី សេបាស្ទាន ភីណេរ៉ា ក៏បានប្រកាសលុបចោលបម្រាមគោរចរ នៅតាមទីក្រុងជាច្រើន នៅក្នុងប្រទេសឈីលីផងដែរ តែលោកផ្ទាល់មិនបានបញ្ជាក់អ្វីលម្អិតពីការរុះរើគណៈរដ្ឋមន្ត្រីនោះទេ។ សកម្មភាពបាតុកម្ម នៅឈីលី បានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៦ ខែតុលាមក នៅពេលដែលអាជ្ញាធរឈីលីបានបង្កើនថ្លៃសេវាធ្វើដំណើរ តាមរថភ្លើង។ កន្លងមកនេះអំពើហិង្សាបានផ្ទុះឡើងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩នាក់បាត់បង់ជីវិត៕