(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិអាមេរិកបញ្ចកោណ បានសម្រេចកិច្ចព្រមព្រៀងចុងក្រោយហើយជាមួយក្រុមហ៊ុនផលិតសព្វាវុធ ឡុកឃីដ ម៉ាទីន (Lockheed Martin) ដើម្បីទិញយន្តហោះចម្បាំងត្រកូល F-35 Lightning II ដែលមានតម្លៃសរុប ៣៤ពាន់លានដុល្លារ។

២៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានបណ្ដេញមន្ត្រីវំាង ០៤នាក់បន្ថែមទៀត បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន។

៣៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ (Ali Khamenei) បានអំពាវនាវឲ្យប្រជាជនលីបង់ និងអ៊ីរ៉ាក់ងាកមក កសាងស្ថិរភាពក្នុងប្រទេសពួកគេឡើងវិញ ព្រោះការធ្វើបាតុកម្មរយៈពេលជាច្រើនសប្តាហ៍មកនេះបានបណ្តាលឲ្យ មនុស្សជាង ២៥០នាក់ស្លាប់នៅអ៊ីរ៉ាក់។

៤៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្ដហោះ Boeing លោក ឌែននីស មុយឡិនប៊ឺក (Dennis Muilenburg) ទទួល រងការរិះគន់ យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក នៅកុំឡុងពេលផ្ដល់សក្ខីកម្មដ៏តានតឹងមួយ ស្ដីពីការប្ដេជ្ញាចិត្តរក្សាសុវត្ថិភាព ខណៈក្រុមគ្រួសារសាច់ញ្ញាតិនៃជនរងគ្រោះ ដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្ដហោះ MAX 737 ត្រឹមសម្លឹងមើលពីចំងាយ។

៥៖ សភាតៃវ៉ាន់បានអនុម័តហើយលើសេចក្ដីព្រាងច្បាប់ ស្ដីពីកញ្ចប់ថវិកាសម្រាប់ទិញយន្ដហោះចម្បាំង F-16 ចំនួន ៦៦គ្រឿងមានតម្លៃជាង ៨ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារទឹកដី ប្រឈមមុខនឹងការគំរាមកំហែងពីចិន។

៦៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងពីលទ្ធផលវិជ្ជមានថ្មីមួយទៀតនៃគម្រោងកែវយឺតអវកាសជំនាន់ ចុងក្រោយបំផុតគឺ James Webb Space Telescope៕