(វ៉ាស៊ីនតោន)៖ គ្មានអ្វីដែលជាការលាក់បាំង ឬធ្វើឲ្យល្អមើលដូចមុនទៀតនោះឡើយ ព្រោះពេលនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗតែម្តងថា អាមេរិកចង់បានប្រេងស៊ីរី និងរក្សាទុកវា ខណៈកងទ័ពត្រូវសម្រេចឲ្យរក្សាវត្តមាន នៅតំបន់ភាគខាងជើងស៊ីរីសិន ហើយអាមេរិកមិនចូលរួមល្បាតព្រំដែនជាមួយតួកគីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ ក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកគ្មានចំណាប់អារម្មណ៍ ក្នុងការល្បាតព្រំដែនស៊ីរីជាមួយតួកគីនោះឡើយ ព្រោះអ្វីដែលអាមេរិកចាប់អារម្មណ៍បំផុតនោះ គឺការគ្រប់គ្រងតំបន់ផលិតប្រេងរបស់ប្រទេសស៊ីរីនេះតែម្តង ហើយភាគខាងជើងស៊ីរីនោះហើយ គឺជាជម្រុកប្រេងដ៏សំខាន់បំផុត នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។

លោក ត្រាំ បានលើកឡើងប្រាប់អ្នកសារព័ត៌មាននានា នៅក្នុងសេតវិមានយ៉ាងដូច្នេះថា «បទឈប់បាញ់គ្នាបានប្រព្រឹត្តដោយល្អបំផុត... យើងបានរក្សាប្រេងទុក។ យើងបានស្ថិតនៅទីនោះវិញ និងបានរក្សាទុកប្រេង។ អ្នកផ្សេងទៀតដូចជាតួកគី អាចល្បាតព្រំដែននោះតាមចិត្តពួកគេទៅចុះ ព្រោះពួកគេបានប្រយុទ្ធគ្នារាប់ពាន់ឆ្នាំមកហើយ ដូច្នេះឲ្យពួកគេធ្វើព្រំដែននោះចុះ... យើងមិនចង់ធ្វើរឿងនេះឡើយ។ យើងចង់នាំទាហានរបស់យើងត្រឡប់មកផ្ទះវិញ ប៉ុន្តែយើងសម្រេចទុកពួកគេនៅទីនោះសិន ពីព្រោះយើងកំពុងថែរក្សាប្រេង។ ខ្ញុំចូលចិត្តប្រេង។ យើងនឹងរក្សាទុកប្រេងនោះ...»។

គួរបញ្ជាក់ថា ការនិយាយត្រង់ៗរបស់លោក ដូណាល់ ត្រាំ ត្រូវបានមេដឹកនាំបរទេសមួយចំនួន ជាពិសេសប្រធានាធិបតីស៊ីរីផ្ទាល់ គឺលោក បាហ្សា អាល់ អាស្សាដ បង្ហាញក្តីហួសចិត្ត និងឆ្លើយតបទៅវិញបែបចំអកថា យ៉ាងហោចណាស់លោក ដូណាល់ ត្រាំ មានភាពស្មោះត្រង់ជាងមេដឹកនាំអាមេរិកមុនៗ ដោយលោកហ៊ានបង្ហាញចេញនូវចេតនាពិតរបស់ខ្លួន នោះគឺការចង់បានប្រេងរបស់ស៊ីរី៕