(ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានគំរាមទៅកាន់សហភាពអឺរ៉ុបថា ប្រទេសអាស៊ានមួយនេះនឹងលែងទិញយន្តហោះ ដែលផលិតនៅសហភាពអឺរ៉ុបទៀត ហើយងាកទៅទិញយន្តហោះរបស់រុស្ស៊ី ឬប្រទេសផ្សេងវិញ បើសិនជាអឺរ៉ុបសម្រេចដាក់ការរឹតបន្តឹង លើផលិតផលប្រេងដូងរបស់ម៉ាឡេស៊ីមែននោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មហាធៀ បានថ្លែងនៅក្នុងកិច្ចអត្ថាធិប្បាយមួយ នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ក្នុងទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «តើយើងត្រូវធ្វើដូចម្តេទៅ? ពិតណាស់! ប្រសិនបើអ្នកកាត់បន្ថយការនាំចូលប្រេងដូងពីម៉ាឡេស៊ី យើងក៏នឹងកាត់បន្ថយការនាំចូលពីអ្នកវិញ ឲ្យស្នើចំនួនគ្នាផងដែរ...។ យើងនឹងធ្វើឲ្យដូចអ្វីដែលលោក ត្រាំ (ប្រធានាធិបតីអាមេរិក) បានធ្វើ... ដូចជា ប្រសិនបើពួកគេឈប់ទិញប្រេងដូងម៉ាឡេស៊ី យើងអាចឈប់ទិញយន្តហោះអឺរ៉ុប។ យើងនឹងទិញយន្តហោះពីរុស្ស៊ី ឬក៏អ្នកផ្សេងទៀតក៏បាន...»។

គួរបញ្ជាក់ថា ក្រៅពីការព្រមានតបទៅអឺរ៉ុបវិញខាងលើនេះ លោក មហាធៀ ដែលមានវ័យ ៩៤ឆ្នាំ និងជាមេដឹកនាំចាស់វស្សាបំផុតក្នុងអាស៊ាន ក៏បានអំពាវនាវផងដែរឲ្យបណ្តាប្រទេសអាស៊ានទាំង ១០ ព្យាយាមបង្កើនកម្លាំងរួមគ្នានៅក្នុងទីផ្សារសកល ព្រោះលោកយល់ថា វាជាមធ្យោយបាយតែមួយគត់ ដើម្បីរស់នៅក្នុងពិភពលោកដ៏ទំនើបមួយនេះ។ លោកបានមានលើកឡើងយ៉ាងខ្លីថា «បើអ្នកទៅតែឯង អ្នកប្រាកដជាវង្វេង»៕