(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក បានជំរុញឱ្យអាជ្ញាធរតួកគីបញ្ឈប់ការប្រើប្រាស់ ឬបំផ្លាញចោលនូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទិញពីរុស្ស៊ី ដើម្បីអាចត្រឡប់មកចូលរួមក្នុង កម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីជាន់ខ្ពស់ខាងលើដដែលបានលើកឡើងយ៉ាងដូច្នេះថា «វានៅមានបន្ទប់ទំនេរ សម្រាប់ឱ្យតួកគីត្រឡប់មករកតុចរចា ហើយពួកគេដឹងយ៉ាងច្បាស់ថា ត្រូវធ្វើយ៉ាងមេចនោះគឺកុំប្រើ ឬបំផ្លាញ ឬក៏ប្រគល់ S-400 ឱ្យរុស្ស៊ីវិញ... បើពុំដូច្នោះទេទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងទីក្រុងអង់ការ៉ាជាក់ជាមិនខាន»

គួររំលឹកថា រុស្ស៊ី និងតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ S-400 ក្រោមក្របខណ្ឌកម្ចីកាលពីខែកញ្ញា ឆ្នាំ២០១៧ ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកផ្ទុះកំហឹង រហូតដល់ផ្អាកការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យតួកគី។ ប៉ុន្តែប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ បានអះអាងជាច្រើនដងថា នឹងមិនបោះបង់ S-400 នោះឡើយ ហើយអាចនឹងងាកទៅទិញយន្ដហោះចម្បាំងពីប្រទេសដទៃ ជាពិសេសរុស្ស៊ីក្នុងករណីមិនទទួលបាន F-35៕