(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានជួយសង្រ្គោះទីក្រុងហុងកុង ពីការបំផ្លិចបំផ្លាញ តាមរយៈការបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង បញ្ឈប់ការបញ្ជូនកងទ័ពទៅ បង្រ្កាបក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង។

ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «បើមិនមែនដើម្បីខ្ញុំទេ ទីក្រុងហុងកុង ប្រហែលជាត្រូវបំផ្លាញខ្ទេចខ្ទីបាត់ទៅហើយ ក្នុងរយៈពេលត្រឹមតែ១៤នាទីប៉ុណ្ណោះ... កងទ័ពចិនរាប់លាននាក់ មិនត្រូវបានបញ្ជូនមកកាន់ទីក្រុងហុងកុង ដោយសារតែខ្ញុំបានស្នើសុំគាត់ (លោក ស៊ី ជិនពីង) ដូច្នេះថា៖សូមកុំធ្វើ ដូច្នេះ ពីព្រោះអ្នកនឹងបង្កកំហុសមួយដ៏ធំ និងផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម បច្ចុប្បន្ន»

គួរជម្រាបថា នៅពេលត្រូវបានសាកសួរថាតើលោកនឹងវ៉េតូ ឬចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិក ដែរឬក៏យ៉ាងណា លោក ត្រាំ មិនបានបង្ហាញពីភាពប្រាកដប្រជាណាមួយឡើយ ខណៈទីក្រុងប៉េកាំង ព្រមានចំៗថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើសិនជាសេចក្ដីព្រាងស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្រុងហុងកុង ក្លាយទៅជាច្បាប់មែនទែននោះ៕