(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ម្នាក់ ដែលបានបំផ្លាញការប្រមូលព័ត៌មានសំងាត់នៅក្នុងប្រទេសចិន ដោយផ្ដល់ប្រភពបណ្ដាញអ្នកផ្ដល់ព័ត៌មានរបស់ខ្លួនឱ្យទីភ្នាក់ចារកម្មចិន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៩ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ជែរី ជុន ស៊ីង លី (Jerry Chun Shing Lee) ជាពលរដ្ឋអាមេរិក ដែលបានបម្រើការងារឱ្យ CIA ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៧ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៨ ពីបទទម្លាយដោយខុសច្បាប់ នូវព័ត៌មានសំងាត់ពាក់ព័ន្ធវិស័យការពារជាតិអាមេរិក ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិន។ បន្ថែមពីលើនេះ បើតាមសាលក្រមកាត់ទោសរូបនៅថ្ងៃសុក្រសប្ដាហ៍នេះលោក Lee បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងក្នុងឆ្នាំ២០១០ និងបានចាប់ផ្ដើមទទួលយកលុយពីចារកម្មចិន ជាថ្នូរនឹងការបង្ហើបពីព័ត៌មានរសើបរបស់ CIA។

ប៉ុន្តែរហូតដល់ខែឧសភាកន្លងទៅ ទើបបុរសវ័យ ៥៥ឆ្នាំរូបនេះ សារភាពពីទោសកំហុសលើបទចោទប្រកាន់ នោះគឺការលួចផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យការពារជាតិអាមេរិក ឱ្យដល់រដ្ឋាភិបាលបរទេស ប៉ុន្តែលោកមិនទទួលស្គាល់ថា លោកបានផ្ដល់ព័ត៌មានសំងាត់ឱ្យចិនជាថ្នូរនឹងប្រាក់ ៨៤០,០០០ដុល្លារនោះទេ។

គួររំលឹកថា កាលពីឆ្នាំ២០១៧ កាសែតអាមេរិក New York Times បានរាយការណ៍ថា ចិនបានសម្លាប់មនុស្សរាប់សិបនាក់ ដែលផ្ដល់ព័ត៌មាន ឬជាបណ្ដាញរបស់ CIA នៅក្នុងប្រទេស និងកំពុងឃុំខ្លួនមនុស្សយ៉ាងណាស់ ០៦នាក់ផ្សេងទៀត។ ចំណែកឯ CIA ក៏បានតាមប្រមាញ់មនុស្សម្នាក់ដែលសង្ស័យថា ជារនុកក្នុងរបស់ចិនផងដែរ ហើយរហូតដល់ឆ្នាំ២០១២ ទើប FBI តម្រង់ការស៊ើបអង្កេតលើលោក Jerry Chun Shing Lee៕