(បរទេស)៖ ការបាញ់បង្ហោះផ្កាយរណប ឬយានអង្កេតការណ៍នានា ដែលធ្វើគោចរជុំវិញភពផែនដី គឺជាក្តីរំភើបប្រកបដោយមោទនភាពរបស់អង្គការអវកាស និងបណ្តាប្រទេសនានាជុំវិញពិភពលោក ព្រោះវាបង្ហាញអំពីការរីកចំរើនរបស់ពួកគេ ប៉ុន្តែសម្រាប់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រមួយចំនួនវិញ វាគឺជាការរំខានដែលកំពុងក្លាយ ជាសុបិនអាក្រក់កាន់តែវែងអន្លាយ។ នេះបើតាមការចេញផ្សាយដោយ The Guardian នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាក់ស្តែងក្រុមតារាវិទូដែលគ្រោងនឹងបំពេញការងារនៅ មូលដ្ឋានតេឡេស្កូបយក្ស Synoptic Survey Telescope ស្ថិតនៅប្រទេសឈីលីនៅឆ្នាំ២០២០ បានសម្តែងការព្រួយបារម្ភរួចទៅហើយ ជាពិសេសនោះគឺគំរោងរបស់ SpaceX ដែលចង់បង្ហោះផ្កាយរណបរាប់ពាន់រាប់ម៉ឺនគ្រឿងតែឯង ទៅកាន់ទីអវកាស ខណៈដែលបច្ចុប្បន្នផ្កាយរណបរបស់ក្រុមហ៊ុនអវកាសអាមេរិកនេះ រហូតដល់ ៦០គ្រឿងទៅហើយ កំពុងតែធ្វើគោចរជុំវិញភពផែនដី និងបានបង្កការភ្ញាក់ផ្អើលផងដែរ។

ដោយឡែកផែនការរបស់ក្រុមហ៊ុនយក្សអាមេរិកមួយទៀតគឺ Amazon ក៏មិនសូវខុសគ្នាពី SpaceX ប៉ុន្មាននោះដែរ។ ឧទាហរណ៍បើសិនជាក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបគ្រប់ ១២,០០០គ្រឿងដូចមហិច្ឆតារបស់ខ្លួនមែននោះ ក្រុមអ្នកជំនាញអាចនិយាយបានថា កែវយឺតនឹងអាចអង្កេតឃើញវាស្ទើរតែរាល់នាទី ឬរាល់ម៉ោង ដែលប្រការនេះពិតជាប៉ះពាល់ខ្លាំងណាស់ ទៅដល់ប្រតិបត្តិការអង្កេតផ្ទៃមេឃ ដែលត្រូវការស្ថានភាពផ្ទៃមេឃស្រឡះបំផុត និងគ្មានពន្លឺអ្វីមករំខាននោះ។

គួរបញ្ជាក់ថា ការលើកឡើងអំពីក្តីព្រួយបារម្ភ ចំពោះផលប៉ះពាល់លើវិស័យតារាសាស្ត្រនេះ គឺមិនមែនទើបតែកើតឡើងនោះឡើយ ប៉ុន្តែនៅពេលដែលឧទាហរណ៍ជាក់ស្តែងបានកើតឡើង ជាពិសេសការបង្ហាញខ្លួនរបស់ក្បួនផ្កាយរណប Starlink របស់ SpaceX កាលពីខែឧសភា ឆ្នាំ២០១៩ នោះទើបវាត្រូវបានផ្សព្វផ្សាយកាន់តែច្រើន។ ទោះបីមានការព្រួយបារម្ភ និងរិះគន់ពិតមែន តែក្រុមតារាវិទូក៏បានទទួលស្គាល់ផងដែរថា ផ្កាយរណបទាំងនោះនឹងជួយដល់តំបន់ដាច់ស្រយាល ឲ្យទទួលបានសេវាអ៊ីនធើណិតដ៏ប្រសើរ ដែលនេះគឺជាប្រយោជន៍ជាក់ស្តែងនៃគំរោងរបស់ SpaceX ទៅដល់ប្រជាជននៅតំបន់ដាច់ស្រយាល៕