(ប៊ែរឡាំង)៖ មុនព្រឹកព្រលឹមនាថ្ងៃចន្ទនេះពួកចោរមួយក្រុម បានធ្វើសកម្មភាពលួចយកវត្ថុមានតម្លៃ គិតជាទំហំសរុបជិត ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.១ពាន់លានដុល្លារអាមេរិក ចេញពីសារមន្ទីរ ហ្គ្រីនវ៉លត៍ (Green Vault) ស្ថិតក្នុងទីក្រុងដ្រេសឌិន (Dresden) ប្រទេសអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅអាល្លឺម៉ង់ មុនពេលធ្វើសកម្មភាព ក្រុមចោរមួយនោះបានកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីទៅកាន់សារមន្ទីរ ដែលជាគោលដៅរបស់ពួកគេ ហើយវត្ថុបុរាណដែលជាគ្រឿងអលង្ការ មានតម្លៃសរុបជាទឹកប្រាក់ជិត ១ពាន់លានអឺរ៉ូ ក៏ត្រូវពួកគេលួចទៅបានសម្រេចផងដែរ ខណៈប៉ូលិសបានទៅដល់កន្លែងកើតហេតុ ដែលស្ថិតនៅកណ្តាលទីក្រុង Dresden ប៉ុន្តែយឺតពេលទៅហើយ។ យ៉ាងណាក្តីមានការអះអាងថា ក្រុមចោរនោះបានជាប់សកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេត ដើម្បីវែកមុខនិងតាមចាប់ខ្លួនពួកគេ។

គួរជម្រាបថា សារមន្ទីរ Green Vault ជាសារមន្ទីរប្រវត្តិសាស្រ្ត ដែលមានផ្ទុកវត្ថុមានតម្លៃច្រើនជាងគេបំផុតនៅអឺរ៉ុប ហើយវាមានអាយុកាល តាំងតែពីឆ្នាំ១៧២៣ មក។ វត្ថុមានតម្លៃបំផុតមួយប្រចាំសារមន្ទីរនេះ គឺគ្រាប់ត្បូងពេជ្រពណ៌បៃតងទំហំ ៤១ការ៉ាត់ហៅថា ដ្រេសឌិនហ្គ្រីន (Dresden Green)៕