(ប៊ូសាន)៖ កិច្ចប្រជុំកំពូលសហគ្រាសបង្កើតថ្មីជាមួយអាស៊ាន ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសរបស់លោកនឹងចូលរួមជាមួយអាស៊ាន ក្នុងការជំរុញវិស័យសហគ្រាសបង្កើតថ្មី ឬ startups ក្រោមក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងបង្កើនគំនិតច្នៃប្រឌិត។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់ខាងលើ ក្នុងកិច្ចប្រជុំកំពូលសហគ្រាសបង្កើតថ្មី (Startup Summit) រៀបចំឡើងនាឱកាសនៃកិច្ចកិច្ចប្រជុំពិសេសរយៈពេល ០២ថ្ងៃ ជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន នៅឯទីក្រុងប៊ូសាន ស្ថិតនៅចំងាយ ៤៥០គីឡូម៉ែត្រពីភាគអគ្នេយ៍ទីក្រុងសេអ៊ូល។ នាឱកាសនោះលោក មូន បានលើកឡើងយ៉ាងដូច្នេះថា «សហគា្រសបង្កើតថ្មីនឹងបំភ្លឺអនាគតកូរ៉េខាងត្បូង និងអាស៊ាន»។ លោកបានគូសបញ្ជាក់បន្ថែមថា «វាគ្មានឡើយព្រំដែននៃគំនិតច្នៃប្រឌិត ហើយព្រំដែនកំណត់នេះក៏គ្មានន័យអ្វីដែរ នៅក្នុងយុគសម័យនៃការរួមបញ្ចូលគ្នា នៃបដិវត្តន៍ឧស្សហកម្មទី ៤។ ដូច្នេះបច្ចុប្បន្ន ពេលវេលាបានមកដល់ហើយ នោះគឺកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិតជាមិនអាចខ្វះបានសម្រាប់គោលនយោបាយ startup តែទន្ទឹមគ្នាយើងគួរតែបង្កើតផងដែរនូវប្រព័ន្ធអេកូ startup ដើម្បីឱ្យកូរ៉េខាងត្បូង និងបណ្ដាប្រទេសទាំង ១០ ជាសមាជិកអាស៊ានរួបរួមគ្នា»

គួរបញ្ជាក់ថា បើតាមលោក មូន ជែអ៊ីន កូរ៉េខាងត្បូងនឹងធ្វើដំណើរជាមួយអាស៊ាន នៅលើជំហានអភិវឌ្ឍវិស័យ startup ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងអាស៊ាន ហើយមិនតែប៉ុណ្ណោះភាគីទាំង ២ នឹងបង្កើតវេទិកាក្រុមប្រឹក្សាក្រសួងមួយ ដើម្បីប្រមូលព័ត៌មាន និងរៀបចំវិធានការនានា៕