(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោក ហូស្សេន សាឡាមី (Hossein Salami) បានប្តេជ្ញាថា កងកម្លាំងនេះនឹងកម្ទេចអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បើសិនជាសម្ព័ន្ធមិត្តទាំងបីនេះហ៊ានឆ្លង ហួសខ្សែបន្ទាត់ក្រហម ដែលទីក្រុងតេហេរ៉ង់បានកំណត់នោះ។

 

២៖ អនុរដ្ឋមន្ត្រីការបរទេសចិនចិនលោក ចេង ហ្សេក្វាង (Zheng Zeguang) បានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីប៉េកាំងលោក ធែរី ប្រ៊ែនស្ទេដ (Terry Branstad) មកធ្វើការសួរនាំ និងសម្តែងការប្រឆាំងដាច់ខាតពីសំណាក់រដ្ឋាភិបាលចិន ចំពោះសភាអាមេរិក (Congress) ដែលបានអនុម័នលើច្បាប់ការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុងឆ្នាំ២០១៩។

 

៣៖ ក្រុមហ៊ុនផលិតម៉ាស៊ីនរថយន្តធុនធ្ងន់ ធំបំផុតប្រចាំសហរដ្ឋអាមេរិកឈ្មោះ ឃ្យូមមីនស៍ (Cummins) បានជួបប្រទះជា លើកដំបូងនូវការធ្លាក់ចុះផ្នែកពាណិជ្ជកម្មយ៉ាងគំហុក ដែលតម្រូវឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងទីក្រុងខូឡុំប៊ឹស (Colombus) នៃរដ្ឋអ៊ីនឌាណា (Indiana) មួយនេះរៀបចំផែនការកាត់បន្ថយបុគ្គលិករហូតដល់ទៅ ២,០០០នាក់ ក្នុងចំណោមបុគ្គលិកទាំង ៦២,៦១០នាក់របស់ខ្លួននៅជុំវិញពិភពលោក។

 

៤៖ ក្រុមការងារនៃបេសកកម្មឋានព្រះច័ន្ទ Chang'e-4 របស់ប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទទួលបានមេដាយ Team Gold Medal ប្រចាំឆ្នាំ២០១៩នេះ ពីសំណាក់វិទ្យាស្ថាន Royal Aeronautical Society (RAeS) របស់ចក្រភពអង់គ្លេស។

 

៥៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដឹងថា លទ្ធផលបោះឆ្នោតថ្នាក់តំបន់ក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបង្ហាញថាបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាអ្នកទទួលបានជ័យជម្នះយ៉ាងច្រើនសម្បើមនោះ គឺមានភាពមិនត្រឹមត្រូវ និងគួរឱ្យសង្ស័យ។

 

៦៖ ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Hyundai Motor នៅថ្ងៃអង្គារនេះ បានប្រកាសថាខ្លូននឹងសាងសង់ រោងចក្រផលិតរថយន្ដ ក្នុងប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២១ ជាមួយទុនវិនិយោគន១.៥៥ពាន់លានដុល្លារ ដើម្បី ប្រកួតប្រជែងក្នុងទីផ្សាររថយន្ដអាស៊ីអាគ្នេយ៍ ដែលកំពុងគ្រប់គ្រងដោយជប៉ុន៕