(អាមេរិក)៖ ប៉ូលិសអាមេរិកទើបបញ្ចេញអត្តសញ្ញាណអ្នកទេសចរ ០២នាក់ ដែលបានបាត់បង់ជីវិតកាលពីសប្តាហ៍មុន នៅឧទ្យានជាតិ អាឆេស (Arches) ក្នុងរដ្ឋយូតាហ៍ (Utah) ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនគ្រួសារជនជាតិជប៉ុន ដែលមានសមាជិកសរុប ០៣នាក់ បានធ្លាក់ពីជម្រាលភ្នំដ៏ចោទមួយនៅក្នុងតំបន់ ឌែលីខេតអាច (Delicate Arch) នៃឧទ្យានជាតិ Arches។ ក្នុងនោះជនជាតិជប៉ុន ០២នាក់ដែលស្លាប់មានឈ្មោះ អាមីម៉ូតុ តូស៊ីអាគិ (Amimoto Toshiaki) អាយុ ៦៥ឆ្នាំ និងឈ្មោះ អាមីម៉ូតុ អ៊ីតូកុ (Amimoto Etoko) អាយុ ៦០ឆ្នាំ ដែលត្រូវជាប្តីប្រពន្ធមកពីទីក្រុង ថូររែនស៍ (Torrance) នៃរដ្ឋកាលីហ្វរញ៉ា។

ដោយឡែកជាតិជប៉ុនម្នាក់ទៀតអាយុ ៣០ឆ្នាំ ឈ្មោះ អាមីម៉ូតុ រីយ៉ុ (Amimoto Ryo) ដែលជាកូនប្រុសរបស់អ្នកទាំងពីរខាងលើនេះ គឺមានសំណាងរួចរស់ជីវិត ប៉ុន្តែត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យនាពេលនោះ ដោយសាររូបគេបានរងរបួសធ្ងន់។

គួរជម្រាបថា យោងតាមអាជ្ញាធរអាមេរិក នៅពេលកើតហេតុគឺមានការធ្លាក់ភ្លៀង និងព្រិល។ យ៉ាងណាក្តីករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ឧទ្យានជាតិ Arche មានទីតាំងស្ថិតនៅភាគអាគ្នេយ៍រដ្ឋ Utah ហើយវាគឺជាគោលដៅទេសចរណ៍ដ៏ល្បីមួយ ប្រចាំនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិក ដោយសារតែឧទ្យាននោះសម្បូរទៅដោយថ្មមួយប្រភេទ ដែលគេហៅថា Sandstone Arche។ ក្នុងឆ្នាំ២០១៨ ឧទ្យានជាតិ Arches ទទួលបានអ្នកទេសចរមកកម្សាន្តជាង ១.៦៦លាននាក់៕