(ហ្វំាងឡង់)៖ រដ្ឋមន្ត្រីដឹកជញ្ជូនហ្វាំងឡង់លោកស្រី សានណា ម៉ារី (Sanna Marin) ត្រូវបានគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យអង្គុយលើកៅអីនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក អាន់ធី រីនណេ (Antti Rinne) លាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

លោកស្រី Marin មានអាយុ ៣៤ឆ្នាំ ដែលគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រីគឺជា សមាជិកធំជាងគេនៅក្នុងចំណោមសមាជិកទាំង ៥ នៃរដ្ឋាភិបាលចម្រុះ ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុត នៅលើពិភពលោកផងដែរ នៅពេលលោកស្រីចូលកាន់តំណែងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រីនឹងត្រូវដោះស្រាយបញ្ហាជាច្រើន ដែលកើតចេញពីកូដកម្មរបស់ក្រុមមន្ត្រីក្រសួងប្រៃសណីយ៍។

គួរជម្រាបថា លោក Antti Rinne បានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍មុន បន្ទាប់ពីគណបក្សកណ្តាល (Centre Party) ដែលជាសមាជិកនៃរដ្ឋាភិបាលចម្រុះហ្វាំងឡង់ បោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក ដោយសារតែបរាជ័យក្នុងការដោះស្រាយ កូដកម្មរបស់ក្រុមមន្ត្រីប្រៃសណីយ៍។ សហព័ន្ធឧស្សាហាកម្មហ្វាំងឡង់បានវាយតម្លៃថា កូដកម្មរបស់ក្រុមមន្ត្រីប្រៃសណីយ៍ នឹងបង្កការខាតបង់ដល់ក្រុមហ៊ុនជាច្រើន ដោយគិតជាទឹកប្រាក់ស្មើនឹង ៥៥០លានដុល្លារ៕