(ប៉េកាំង)៖ យោធាចិនត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយប្រព័ន្ធបាញ់ពហុគ្រាប់រ៉ុក្កែតស៊េរីថ្មី ចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងទីក្រុង Xiamen នៃខេត្ត Fujian ដែលសិ្ថតនៅជិតបង្កើយនឹងកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់គេហទំព័រ Modern Ships ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធ បាញ់គ្រាប់រ៉ុក្កែត ដែលចិនដាក់ពង្រាយក្បែរកោះតៃវ៉ាន់នោះ មានឈ្មោះថា Type PCL191។ PCL191 គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មីមួយ ដែលបានបង្ហាញខ្លួនជាសាធារណៈក្នុងពិធីព្យុហយាត្រាយោធាកាលពី ថ្ងៃទី០១ ខែតុលាកន្លងទៅ។ ប្រព័ន្ធគ្រាប់រ៉ុក្កែតនេះ មានសមត្ថភាពបាញ់ទាំងគ្រាប់រ៉ុក្កែតធម្មតា និងមីស៊ីលបាលិស្ទីគ ដោយអាចបំផ្លាញគោលដៅយុទ្ធសាស្ត្រជាច្រើន ក្នុងនោះរួមមានទាំងអាកាសយានដ្ឋានជាដើម។
យ៉ាងណាក៏ដោយ ខាងយោធាចិនមិនទាន់ទទួលស្គាល់របាយការណ៍ខាងលើនៅឡើយទេ ប៉ុន្តែវាកើតឡើងនៅចំពេលទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ កំពុងតានតឹងខ្លាំង ជាពិសេសក្រោយទីក្រុងតៃប៉ិចោទប្រកាន់ ទីក្រុងប៉េកាំងថាបានបង្កើនសកម្មភាពយោធានៅច្រកសមុទ្រតៃវ៉ាន់ និងគោលបំណងជ្រៀតជ្រែកចូល កិច្ចការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០២០ខាងមុខនេះ។
គួរបញ្ជាក់ថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត PCL191 មានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែត ដែលមានមុខកាត់ប្រវែង៣៧០មីលីម៉ែត្រ ចំនួន៨គ្រាប់ក្នុងពេលតែមួយ ជាមួយចំងាយ៣៥០គីឡូម៉ែត្រ ឬក៏អាចបាញ់មីស៊ីលបាលិស្ទីគ Fire Dragon 480 ចំនួនពីរគ្រាប់ ក្នុងចំងាយ៥០០គីឡូម៉ែត្រ ខណៈច្រកសមុទ្រតៃវ៉ាន់ស្ថិតនៅចំងាយ១៨០គីឡូម៉ែត្រ ប៉ុណ្ណោះពីចិន៕