(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភាអាមេរិក ព្រមទាំងសភាតំណាងរាស្ត្រអាមេរិកបានសម្រេចកិច្ចព្រមព្រៀងមួយហើយ ក្នុងការផ្តល់កញ្ចប់ថវិកាសរុប ៧៣៨ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចំនួននេះមានការកើនឡើង ៣% លើសឆ្នាំសារពើពន្ធ ២០១៩។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាក់ថា សម្រាប់ឆ្នាំសារពើពន្ធ ២០២០ (គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០) គណៈកម្មាធិការចាត់ចែងថវិកាជាតិសម្រាប់វិស័យការពារជាតិ បានបំពេញនូវកាតព្វកិច្ចដ៏សំខាន់បំផុតមួយរបស់សភា ដើម្បីផ្តល់នូវអ្វីដែលចាំបាច់ សម្រាប់កិច្ចការពារជាតិ ហើយវាពិតណាស់ថាថវិកាទាំងអស់ខាងលើនេះ នឹងត្រូវប្រើប្រាស់ដើម្បីបន្តការកសាងនូវយោធារបស់យើង និងបង្កើនវត្តមានទៅកាន់កន្លែងផ្សេងៗទៀត ដែលមានការគំរាមកំហែងកើតឡើង ស្របទៅតាមយុទ្ធសាស្ត្រការពារជាតិ។

គួរបញ្ជាក់ថា កាលពីឆ្នាំសារពើពន្ធ២០១៩ កញ្ចប់ថវិកាជាតិដែលត្រូវបានប្រគល់ដល់វិស័យយោធា នៃសហរដ្ឋអាមេរិកគឺ ៧១.៥ពាន់លានដុល្លារ ខណៈក្រោយមកទៀតមានការបញ្ចេញថវិកា សង្គ្រោះបន្ទាន់ប្រមាណ ៥.៣ពាន់លានដុល្លារទៀតសម្រាប់យោធា ប្រើប្រាស់នៅក្នុងជួយសង្គ្រោះ នៅតាមតំបន់មួយចំនួនទូទាំងសហរដ្ឋអាមេរិក ដែលបានទទួលរងគ្រោះធម្មជាតិ និងអាកាសធាតុអាក្រក់។ ក្រៅពីការបង្កើនថវិកាលើវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំ២០២០ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យសមាជិកអង្គការ NATO ទាំងអស់បង្កើនការចំណាយប្រចាំឆ្នាំ រៀងៗខ្លួនឲ្យដល់ ២% នៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់ពួកគេនៅឆ្នាំ២០២៤ ផងដែរ៕