(បរទេស)៖ យានអវកាស OSIRIS-REx ដែលទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនឲ្យទៅសិក្សាពីអាចម៍ផ្កាយនោះ បានរកឃើញបាតុភូតថ្មីមួយនៅលើអាចម៍ផ្កាយ Bennu។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាស NASA បានចេញបេសកកម្ម OSIRIS-REx ឲ្យទៅសិក្សាអាចម៍ផ្កាយ Bennu កាលពីឆ្នាំ២០១៦។ គំរូតាងបានមកពីអាចម៍ផ្កាយនោះ មិនត្រឹមអាចជួយផ្តល់ចម្លើយអំពីរបៀបកកើតនៃភព ឬជីវិតឡើយ ប៉ុន្តែថែមទាំងជួយអ្នកវិទ្យាសាស្រ្តស្វែងយល់ អំពីរបៀបការពារភពរបស់យើង ពីការវាយប្រហារដោយអាចម៍ផ្កាយផងដែរ។

ថ្មីៗនេះយាន OSIRIS-REx ទើបបង្កើតរបកគំហើញគួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលវាបានប្រទះឃើញការបញ្ចេញបណ្តុំភាគល្អិត ចេញមកពីខាងក្រោមផ្ទៃរបស់អាចម៍ផ្កាយ Bennu។ ការរកឃើញនេះគឺជារឿងកម្រមួយ ហើយក៏ជាលើកដំបូងផងដែរ ដែលអ្នកវិទ្យាសាស្រ្តបានអង្កេតឃើញមានបណ្តុំភាគល្អិត បាញ់ចេញមកពីខាងក្រោមផ្ទៃអាចម៍ផ្កាយ នៅចម្ងាយយ៉ាងកៀកបែបនេះ។ ប្រការនេះក៏បានបញ្ជាក់ដែរថា Bennu គឺជាអាចម៍ផ្កាយសកម្មមួយ។

យាន OSIRIS-REx ដែលមានឈ្មោះពេញយ៉ាងវែងថា Origins, Spectral Interpretation, Resource Identification, Security-Regolith Explorer បានទៅជួបមុខអាចម៍ផ្កាយ Bennu កាលពី២០១៨ ក្រោយធ្វើដំណើរក្នុងលំហអវកាសអស់រយៈពេលប៉ុន្មានឆ្នាំ។ វាបាននិងកំពុងគោចរនៅជុំវិញអាចម៍ផ្កាយ Bennu តាំងតែពីពេលនោះមក។ អ្នកវិទ្យាសាស្រ្តនៅ NASA បានឲ្យប្រាប់ថា តាមពិត OSIRIS-REx បានប្រទ ឃើញបាតុភូតខាងលើ កាលពីខែមករា ឆ្នាំ២០១៩ ប៉ុន្តែពួកគេទើបប្រកាសឲ្យដឹងនាពេលនេះ។

ក្រុមការងារបេសកកម្ម OSIRIS-REx បានបន្តថា ការបញ្ចេញបណ្តុំភាគល្អិតទាំងនោះ បានកើតឡើងនៅតាមតំបន់ខុសៗគ្នាលើអាចម៍ផ្កាយ Bennu ខណៈបាតុភូតដំបូងបំផុតត្រូវបានប្រទះឃើញនៅអឌ្ឍគោលខាងត្បូងរបស់ Bennu រីឯបាតុភូតទី ២ និងទី ៣ បានកើតឡើងនៅក្បែរតំបន់ខ្សែអេក្វាទ័ររបស់វា។

គួរជម្រាបថា សំណុំភាគល្អិតទាំងនោះ គឺមានទំហំតូចគ្រប់គ្រាន់ សម្រាប់ឲ្យយាន OSIRIS-REx ប្រមូលយកដើម្បីនាំមកកាន់ផែនដីវិញ។ អ្នកវិទ្យាសាស្រ្តអាចសិក្សាភាគល្អិតទាំងនេះ រួមជាមួយគំរូតាងជាដុំថ្ម និងដីជាដើមរបស់ Bennu ដើម្បីបង្កើនការយល់ដឹងពីពួកអាចម៍ផ្កាយ ព្រមទាំងវិធីសាស្រ្តដើម្បីទប់ទល់ ក្នុងករណីនៅពេលដែលពួកវាត្រូវរសាត់មកគំរាមផែនដី។ យោងតាមការព្យាករណ៍ អាចម៍ផ្កាយ Bennu អាចហោះកាត់ផែនដីយើង នៅចម្ងាយជិតជាងព្រះច័ន្ទទៅទៀត (៣សែនគីឡូមែត្រ) នៅឆ្នាំ២១៣៥ និងកាន់តែកៀកថែមទៀតនៅឆ្នាំ២១៧៥ និងឆ្នាំ២១៩៥។

ដោយឡែកយានអវកាស OSIRIS-REx នឹងចាប់ផ្តើមការប្រមូលយកគំរូតាងពី Bennu នៅរដូវក្តៅឆ្នាំ២០២០ គឺចន្លោះខែមិថុនា និងកញ្ញា ឆ្នាំក្រោយ ហើយត្រូវត្រឡប់មកកាន់ផែនដីនៅឆ្នាំ២០២៣។ អាចម៍ផ្កាយ Bennu មានមុខកាត់ប្រវែង ៥២៥ម៉ែត្រ, ម៉ាស់ ៧៨ពាន់លានគីឡូក្រាម, ប្រើពេល ៤៣៨ថ្ងៃនៃពេលវេលាផែនដី ដើម្បីគោចរមួយជុំព្រះអាទិត្យ ក្នុងរយៈចម្ងាយជាមធ្យម ១៦៨លានគីឡូម៉ែត្រ៕