(គូឡាឡាំពួ)៖ លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ដែលត្រូវបានទទួលស្គាល់ថា ជានាយករដ្ឋមន្ត្រីចំណាស់ជាងគេបំផុតលើលោកវ័យ ៩៤ឆ្នាំបានថ្លែងនៅថ្ងៃអង្គារនេះថា វានឹងក្លាយជារឿងល្អ ប្រសិនបើនាយករដ្ឋមន្ត្រីក្មេងបំផុតលើ ពិភពលោកនៅហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) ធ្វើការសួរនាំមនុស្សចាស់ ដើម្បីទទួលបានបទពិសោធន៍ពីពួកគាត់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

ជាការអបអរមួយផងដែរទៅកាន់នាយករដ្ឋមន្ត្រីហ្វាំងឡង់ថ្មី ដែលមានវ័យទើបតែ ៣៤ឆ្នាំនោះលោក មហាធៀ តាមរយៈកិច្ចសម្ភាសន៍ជាមួយ Reuters បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលដែលជឿជាក់ទៅលើទស្សនវិស័យ នៃមនុស្សវ័យក្មេង វាក៏ជារឿងសំខាន់ផងដែរសម្រាប់ពួកគេ ក្នុងការគិតពិចារណាអំពីបទពិសោធន៍ នៃមនុស្សវ័យចំណាស់។ បន្ទាប់មកទៀត វានឹងក្លាយជាការរួមបញ្ចូលគ្នារវាងទស្សនវិស័យទាំងពីរ (ចាស់ និងក្មេង) ហើយពិតណាស់ វាជានឹងក្លាយជារឿងល្អ...»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីដឹកជញ្ជូនហ្វាំងឡង់លោកស្រី សាន់ណា ម៉ារីន (Sanna Marin) ត្រូវបានគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យអង្គុយលើកៅអីនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក អាន់ធី រីនណេ (Antti Rinne) លាលែងចេញពីតំណែង។

លោកស្រី Marin មានអាយុ ៣៤ឆ្នាំ ដែលគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រីគឺជា សមាជិកធំជាងគេនៅក្នុងចំណោមសមាជិកទាំង ៥ នៃរដ្ឋាភិបាលចម្រុះ ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុត នៅលើពិភពលោកផងដែរ នៅពេលលោកស្រីចូលកាន់តំណែងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រីនឹងត្រូវដោះស្រាយបញ្ហាជាច្រើន ដែលកើតចេញពីកូដកម្មរបស់ក្រុមមន្ត្រីក្រសួងប្រៃសណីយ៍៕