(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នឹងចេញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមការបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុន ចំពោះមុខការជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង ក៏ដូចជាការចាប់ផ្តើមគំរាមកំហែងគ្នាឡើងវិញរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យរបស់លោក មូន ចេអ៊ីន គឺលោកស្រី កូ មីនជុង (Ko Min-jung) បានឲ្យដឹងថា លោក មូន នឹងទៅដល់ប្រទេសចិននៅថ្ងៃទី២៣ ខែធ្នូនេះ ដែលត្រូវនឹងពេលមួយថ្ងៃមុនការបើក កិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងចឹងទូ (Chengdu) ជាមួយនាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង (Li Keqiang) និងនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ។ យោងតាមលោកស្រី Ko មេដឹកនាំប្រទេសទាំងពីរ នឹងពិនិត្យមើលស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយពិភាក្សាជុំវិញមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីសម្រេចបានការលុបបំបាត់ អាវុធនុយក្លេអ៊ែទាំងស្រុង និងសន្តិភាពជាអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ។ កំឡុងដំណើរទស្សនកិច្ចលោក មូន នឹងត្រូវជួបពិភាក្សាដាច់ដោយឡែកជាមួយលោក អាបេ និងប្រធានាធីបតីចិនលោក ស៊ី ជិនពីង ផងដែរ។

កិច្ចប្រជុំកំពូលខាងលើនឹងត្រូវរៀបចំឡើង ស្របពេលដែលសង្រ្គាមពាក្យសម្តីហាក់បានចាប់ផ្តើមឡើងវិញជាថ្មី រវាងកូរ៉េខាងជើង និងអាមេរិក ហើយទីក្រុងព្យុងយ៉ាងថែមទាំងបាន ដាក់ពេលវេលាកំណត់ត្រឹមចុងឆ្នាំនេះ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនបន្ទន់គោលជំហររបស់ខ្លួនទៀតផង។ ម៉្យាងវិញទៀត ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងសព្វាវុធជាបន្តបន្ទាប់ ដោយក្នុងនោះរួមមានទាំងការធ្វើតេស្តយ៉ាងសំខាន់មួយ ដែលកូរ៉េខាងជើងអះអាងថា បានប្រព្រឹត្តទៅនៅកន្លែងបាញ់បង្ហោះផ្កាយរណប កាលពីចុងសប្តាហ៍មុន។

គួរជម្រាបថា ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នា រៀបចំកិច្ចប្រជុំបែបត្រីភាគីរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០០៨ តែកិច្ចប្រជុំកំពូលនេះបានប្រឈមនឹងភាពរាំងស្ទះជារឿយៗ ដោយសារបញ្ហាជម្លោះផ្សេងៗ រួមទាំងវិវាទរវាងចិន និងជប៉ុន វិវាទរវាងកូរ៉េខាងត្បូង និងចិន ព្រមទាំងវិវាទរវាងជប៉ុន និងកូរ៉េខាងត្បូ៕