(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះដ្រូនស៊ើបការណ៍មួយគ្រឿងសាជាថ្មី ឱ្យទៅហោះឆ្វែលពីលើតំបន់ឧបទ្វីបកូរ៉េ ដើម្បីឃ្លាំមើលសកម្មភាពកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា ប្រហែលជាកំពុងរៀបចំការបាញ់ សាកល្បងមីស៊ីលអន្តរទ្វីប ICBM ឬអាវុធនុយក្លេអ៊ែរ ជាកាដូបុណ្យណូអែលផ្ញើជូនលោក ដូណាល់ ត្រាំ នៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមគេហទំព័រ Twitter Aircraft Spots យន្ដហោះដ្រូន RQ-4 Global Hawk បានហោះពីលើដែនអាកាសឧបទ្វីបកូរ៉េ នៅរយៈកម្ពស់ ៥២,០០០ហ្វីត ឬ ១៦គីឡូម៉ែត្រ ដោយមិនបានបញ្ជាក់លម្អិតពីពេលវេលា នៃប្រតិបត្តិការហោះហើរនេះឡើយ។ ប៉ុន្តែសេចក្ដីរាយការណ៍ពីការហោះល្បាតនេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានអះអាងថា ខ្លួនបានធ្វើតេស្ដដោយជោគជ័យដ៏សំខាន់មួយនៅឯ ទីតាំងបាញ់បង្ហោះផ្កាយរណបសូហែ (Sohae)។

យន្ដហោះដ្រូន RQ-4 Global Hawk ដែលអ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់កាលពីខែមិថុនាកន្លងទៅ មានសមត្ថភាពហោះហើរស៊ើបការណ៍ និងប្រមូលព័ត៌មាននៅរយៈកម្ពស់ខ្ពស់ ក្នុងរយៈពេលច្រើនជាង ៣០ម៉ោងក្នុងមួយលើក ហើយវាត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថាមានតម្លៃ ១៣០លានដុល្លារ។

គួរជម្រាបថា កាលពីប៉ុន្មានសប្ដាហ៍មុនសហរដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ផងដែរថា បានដាក់ពង្រាយយន្ដហោះស៊ើបការណ៍ជាច្រើនគ្រឿង ឲ្យហោះពីលើឧបទ្វីបកូរ៉េ ក្នុងនោះមានដូចជាយន្ដហោះដូចជា P-3C និង RC-135S Cobra ជាដើម ស្របពេលមានការព្រមានជាច្រើនលើកពីកូរ៉េខាងជើង៕