(ទ្រីប៉ូលី)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលលីប៊ីខាងលិច (ទីក្រុងទ្រីប៉ូលី) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានប្រកាសគាំទ្រចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលទើបតែសម្រេចដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលលីប៊ីខាងកើត (ទីក្រុងប៊ែងហ្គាស៊ី) ខណៈតំបន់ទាំងពីរផ្នែករបស់លីប៊ីនេះ នៅតែគ្មានសញ្ញាថាអាចត្រូវរ៉ូវគ្នានៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងរតនាគារជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មទៅលើមេបញ្ជាការកងទ័ពមួយរូប នៅក្នុងជួររដ្ឋាភិបាលលីប៊ីខាងកើត គឺលោក ម៉ាហ៍មួដ អាល់វែហ្វាលលី (Mahmoud al-Werfalli) ព្រមទាំងមន្ត្រីហែរហមលោកមួយចំនួនទៀត ដោយសហរដ្ឋអាមេរិកចាត់ទុកថា «បុគ្គលទាំងនេះបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា លោក Mahmoud al-Werfalli គឺជាមន្ត្រីក្រោមឱវាទរបស់លោកឧត្តមសេនីយ៍ ខាលីហ្វារ ហាហ្វថា (Khalifa Haftar) ដែលគ្រប់គ្រងរដ្ឋាភិបាលលីប៊ី មានមូលដ្ឋាននៅទីក្រុងប៊ែងហ្គាស៊ី ភាគខាងកើតប្រទេស និងត្រូវបានគាំទ្រដោយរុស្ស៊ីផងដែរ។ ចាប់តាំងពីឆ្នាំ២០១៦ លោក al-Warfalli បានបញ្ជាឲ្យមានការសម្លាប់អ្នកទោសជាង ៤០នាក់ ហើយភាគច្រើននៃអ្នកដែលត្រូវបានគេយកទៅសម្លាប់នោះ ក៏ត្រូវបានថតចេញជាខ្សែវីដេអូ បង្ហាញពីសកម្មភាពធ្វើឃាត ហើយបង្ហោះទៅក្នុងបណ្តាញសង្គមថែមទៀត។ នេះបើតាមរបាយការណ៍នៃក្រសួងអាមេរិក៕