(គូឡាឡាំពួរ)៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលគេចាត់ទុកថា ជាអនាគតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវបានតុលាការកោះហៅ ឱ្យបង្ហាញខ្លួនក្នុងការសួរចម្លើយមួយពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានរំលោភបំពានផ្លូវភេទលើអតីតជំនួយការម្នាក់របស់លោក។ នេះបើតាមប៉ូលិសម៉ាឡេស៊ីដកស្រង់ការផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោក អាន់វ៉ា បានបដិសេធការចោទប្រកាន់ពីជំនួយការឈ្មោះ មូហាំម៉េដ យូសូហ្វ រ៉ធើ (Muhammed Yusoff Rawther) ដោយចាត់ទុកថា វាគឺចេតនានយោបាយដ៏អាក្រក់។ លោក Muhammad Yusoff កំពុងត្រូវបានតំណាងដោយមេធាវីម្នាក់ គឺលោក ម៉ូហាម៉េដ ខាទ្រី អាប់ឌុលឡា (Mohamed Haniff Khatri Abdulla) ដែលសូម្បីតែលោកនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់ ក៏ជាកូនក្ដីរបស់លោកផងដែរ។ លោក Muhammad Yusoff កាលពីសប្ដាហ៍មុនបានចោទប្រកាន់ថា លោក អាន់វ៉ា ថាបានព្យាយាមបង្ខំឱ្យរូបលោករួមភេទកាលពីខែកញ្ញា ឆ្នាំ២០១៨។

ដោយឡែកប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌម៉ាឡេស៊ី ក៏បានទទួលយកការចោទប្រកាន់ដែរ ប៉ុន្តែខាងអ្នកនាំពាក្យការិយាល័យលោក អាន់វ៉ា បានអះអាងថា ប៉ូលិសមិនទាន់ទាក់ទងមកកាន់រូបលោកឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ លោក មហាធា មហាំម៉ាត់ បានអះអាងថា លោកនឹងប្រគល់អំណាចឱ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម បើទោះជាអតីតមេបក្សាប្រឆាំង និងជាគូប្រជែងរបស់លោករូបនេះកំពុងរងការចោទប្រកាន់ក៏ដោយ។ តែទោះជាយ៉ាងនេះក្ដី លោក មហាធៀ មិនដែលបានកំណត់ពីកាលបរិចេ្ឆទជាក់លាក់ នៃការប្រគល់អំណាចឡើយ ដោយមានពេលខ្លះលោកផ្ទាល់បានលើកឡើងថា នឹងចុះចេញពីតំណែងនៅពេលដោះស្រាយបញ្ហាជាតិរួចរាល់។

លោក អាវ៉ាន់ អ៊ីប្រាហ៊ីម បានជាប់ពន្ធនាគារជិត ១០ឆ្នាំ ក្រោយត្រូវបានកាត់ទោសពីបទល្មើសពីរដាច់ដោយឡែក ពីគ្នាក្នុងនោះរួមទាំងបទប្រព្រឹត្តខុសសីលធម៌ និងអំពើពុករលួយ, តែអ្នកគាំទ្ររូបលោកចាត់ទុកថា នេះគឺជាចេតនាចង់បញ្ចប់ ជីវិតនយោបាយរបស់លោកតែប៉ុណ្ណោះ។ លោក អាន់វ៉ា ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានគេបណ្ដេញចេញពីតំណែង និងចាប់ដាក់ពន្ធនាគារនៅឆ្នាំ១៩៩៩ កំឡុងពេលនៃការកាន់អំណាចជាលើកដំបូងរបស់ លោក មហាធៀ នៅឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៣។ លោកត្រូវបានលោក មហាធៀ ស្នើសុំលើកលែងទោសហើយអ្នកនាំពីរបានរួមដៃគ្នា ដោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨៕