(ប៊ែរឡាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន Huawei ទើបទទួលបានកុងត្រាមួយ ដើម្បីផ្គត់ផ្គង់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែកិច្ចសន្យាដ៏រសើបនេះ នឹងត្រូវបញ្ជូនទៅឱ្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំងអនុម័តចុងក្រោយ នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុង ព្រមានឱ្យបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ប្រុងប្រយ័ត្នចំពោះការលួចព័ត៌មាន ឬស៊ើបការណ៍សម្ងាត់ពីសំណាក់រដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមហ៊ុនអាល្លឺម៉ង់ តេឡេហ្វូនីកា (Telefonica Germany) ជាក្រុមហ៊ុនទូរគមនាគមន៍ធំទី ២ បន្ទាប់ពីក្រុមហ៊ុន ដឺតឆេតេឡេខុម (Deutsche Telekom) បានបញ្ជាក់ថា ខ្លួនបានផ្ដល់កុងត្រាឱ្យក្រុមហ៊ុន Huawei របស់ចិន និងក្រុមហ៊ុន Nokia របស់ប្រទេសហ្វាំងឡង់ ជាមួយការដើរតួនាទីប្រកបដោយតម្លាភាព នៅក្នុងគម្រោងរបស់ខ្លួន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនអាល្លឺម៉ង់ក៏បានចាត់ទុកក្រុមហ៊ុនទាំងពីរ ជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តផងដែរ។

ប៉ុន្តែក្រុមហ៊ុន Telefonica Germany មិនបានឱ្យដឹងពីតម្លៃកិច្ចកុងត្រាខាងលើឡើយ ដោយគ្រាន់តែបង្ហើបថា ខ្លួននឹងចាប់ផ្ដើមដំណើរការដំឡើងប្រព័ន្ធសេវា 5G (5G upgrade) នៅឆ្នាំក្រោយហើយក៏សង្ឃឹមផងដែរថា ខ្លួននឹងអាចផ្គត់ផ្គង់បច្ចេកវិទ្យានេះទៅកាន់ទីក្រុងចំនួន ៣០ នៅទូទាំងប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០២២។ អាល្លឺម៉ង់គឺជាប្រទេសធំជាងគេ និងសេដ្ឋកិច្ចលំដាប់លេខ ១ ប្រចាំនៅទ្វីបអឺរ៉ុប ដែលមានប្រជាជនសរុប ៨៣លាននាក់ ហើយក៏ជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤ នៅលើពិភពលោកផងដែរ៕