(ឡាវ)៖ យោធាឡាវ និងរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នាក្រោមឈ្មោះថា ឡារ៉ូស ២០១៩ (Laros 2019) នៅក្នុងទឹកដីនៃប្រទេសឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

សមយុទ្ធយោធាខាងលើ គឺជាសមយុទ្ធយោធារួមលើកដំបូងរវាងប្រទេសទាំងពីរ។ រុស្ស៊ីបានបញ្ជូនកងរថក្រោះជាច្រើននាក់ និងកងទ័ពជាច្រើននាក់មកកាន់ឡាវ។ សមយុទ្ធយោធានេះត្រូវប្រព្រឹត្តទៅក្នុង ០៣ដំណាក់កាល ដោយកងរថក្រោះនៃប្រទេសទាំងពីរ នឹងធ្វើសកម្មភាពបាញ់គ្រាប់ពិត នៅក្នុងកំឡុងដំណាក់កាលសកម្មនៃព្រឹត្តិការណ៍សមយុទ្ធយោធា។

គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី លំហាត់យោធានេះនឹងចូលរួមចំណែក ក្នុងកិច្ចប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិរវាងឡាវ និងរុស្ស៊ីដោយក្នុងនោះរួមមានទាំងការប្រយុទ្ធប្រឆាំង ទៅនឹងអំពើភេរវកម្មអន្តរជាតិផងដែរ។ សមយុទ្ធយោធានេះបានចាប់ផ្តើមឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយវត្តមានកងទ័ពសរុបជាង ៥០០នាក់មកពីប្រទេសទាំងពីរ ហើយនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី១៩ ខែធ្នូ គឺត្រូវហ្នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕