(ម៉ូស្គូ)៖ នាវាដឹកយន្តហោះចម្បាំងតែ១គត់របស់ប្រទេសរុស្ស៊ីគឺ អ៊ែមើរ៉ល ឃូសណេតកូវ (Admiral Kuznetsov) បានឆាបឆេះនៅថ្ងៃព្រហស្បតិ៍នេះ កំឡុងពេលដែលវាកំពូងទទួលការ ជួសជុល នៅតំបន់កំពង់ផែម៉ឺម៉័ង (Murmansk) ជាប់សមុទ្រទឹកកកអាក់ទិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Moscow Times នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

Admiral Kuznetsov គឺជានាវាដឹកយន្តហោះចម្បាំងតែមួយគ្រឿងរបស់រុស្ស៊ី ដែលនៅអាចដំណើរការនាពេលបច្ចុប្បន្ន ហើយក៏ស្ថិតនៅក្នុងវ័យចំណាស់ផងដែរ គឺតាំងតែពីឆ្នាំ១៩៨៥ មកម្ល៉េះ។ នៅក្នុងហេតុការណ៍ឆាបឆេះខាងលើនេះ បានបណ្តាលឲ្យមនុស្ស ០៦នាក់រងរបួស។ ព័ត៌មានបានបន្តទៀតថា អគ្គីភ័យបានកើតមានឡើងនៅជាន់លើរបស់នាវា ហើយក៏បានរីករាលដាលក្នុងទំហំ ៦០០ម៉ែត្រការ៉េឯណោះ។

គួរបញ្ជាក់ថា ក្រោយកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមពន្លត់អគ្គីភ័យបានព្យាយាមបង្ក្រាបភ្លើងឆេះរហូតដល់បានសម្រេច ខណៈផ្សែងដ៏ខ្មៅងងឹតពីនាវាដឹកយន្តហោះចម្បាំងនេះ បានបង្កឲ្យប្រជាជនក្នុងតំបន់មានការភ្ញាក់ផ្អើលជាងខ្លាំង។ មូលហេតុនៃការឆាបឆេះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែនាវានេះកំពុងស្ថិតនៅក្នុងការជួសជុល និងបង្កើនសមត្ថភាព ដើម្បីបំពេញប្រតិបត្តិការឡើងវិញនៅឆ្នាំ២០២២៕