(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានធ្វើការរិះគន់សហរដ្ឋអាមេរិក ចំពោះការកោះប្រជុំមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដែលបានលើកឡើងពីការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងក៏បានព្រមានផងដែរថា ខ្លួននឹងធ្វើការឆ្លើយតប ចំពោះវិធានការណាក៏ដោយដែលអាមេរិកជ្រើសរើស។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA បានចេញផ្សាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានលើកឡើងអំពីវិធានការឆ្លើយតបនៅក្នុងកិច្ចប្រជុំ (UNSC) ខណៈដែលយើងគ្មានអ្វីដែលនឹងត្រូវបាត់បង់នោះ ហើយយើងក៏ត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបទៅនឹងរាល់វិធានការ ដែលសហរដ្ឋអាមេរិកនឹងជ្រើសរើសផងដែរ...»

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយនៅក្នុង UNSC នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) សហរដ្ឋអាមេរិកបានព្រមានកូរ៉េខាងជើងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា។

ការព្រមានរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ (Kelly Craft) ចំពោះការព្រួយបារម្ភខ្លាំងឡើងអំពីសកម្មភាព និងការគំរាមកំហែងជាថ្មីពីសំណាក់ប្រទេសកូរ៉េខាងជើង។ តំណាងអាមេរិកនៅ UN រូបនេះបានបន្តទៀតថា កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាមេរិក៕