(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសកូរ៉េខាងជើងបានធ្វើការរិះគន់សហរដ្ឋអាមេរិក ចំពោះការកោះប្រជុំមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដែលបានលើកឡើងពីការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងក៏បានព្រមានផងដែរថា ខ្លួននឹងធ្វើការឆ្លើយតប ចំពោះវិធានការណាក៏ដោយដែលអាមេរិកជ្រើសរើស។

 

២៖ នាវាដឹកយន្តហោះចម្បាំងតែ១គត់របស់ប្រទេសរុស្ស៊ីគឺ អ៊ែមើរ៉ល ឃូសណេតកូវ (Admiral Kuznetsov) បានឆាបឆេះនៅថ្ងៃព្រហស្បតិ៍នេះ កំឡុងពេលដែលវាកំពូងទទួលការ ជួសជុល នៅតំបន់កំពង់ផែម៉ឺម៉័ង (Murmansk) ជាប់សមុទ្រទឹកកកអាក់ទិក។

 

៣៖ ក្រុមមន្ត្រីឈីលីបាននិយាយថា ពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធា C-130 ដែលបាត់ខ្លួនជាមួយមនុស្ស ៣៨នាក់កាលពីថ្ងៃចន្ទកន្លងទៅនោះហើយ។

 

៤៖ ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នាថ្ងៃព្រហស្បតិ៍នេះ ខណៈនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson សង្ឃឹមថា នឹងអាចរកច្រកពីរួចការជាប់គាំងនៃបញ្ហា Brexit ឬ ដំណើរការដកចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។

 

៥៖ ចំនួនមនុស្សស្លាប់ជាផ្លូវការ បន្ទាប់ពីមានករណីផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ បានកើនឡើងដល់០៨នាក់ហើយនៅ ថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកសង្គ្រោះនៅតែមិនអាច ទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើង នោះនៅឡើយទេ ព្រោះក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះម្តងទៀតនៅគ្រប់ពេលវេលា។

 

៦៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញភាពជឿជាក់ថា បេសកកម្មយានរុករកឆ្នាំ២០២០ សម្រាប់ឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងសម្រេចបានសមិទ្ធផលច្រើន ក្នុងការងារស្វែងរកស្លាកស្នាមនៃទម្រង់ជីវិត ដែលអាចកើតមាននៅទីនោះ៕