(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសើចចំអកសាជាថ្មីដាក់ក្មេងស្រី Greta Thunberg វ័យ១៦ឆ្នាំ ដោយនិយាយថាវាគឺជារឿងគួរឱ្យអស់សំណើច ដែលសកម្មជនបរិស្ថានស៊ុយអែតរូបនេះ ជាប់ឈ្មោះជា«បុគ្គល មានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩» របស់ទស្សនាវដ្ដី Time។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសារមួយជាការឆ្លើយតបទៅនឹងមនុស្សម្នាក់ ដែលបានអបអរសាទរ យុវតី Greta Thunberg នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ មានអាយុ៧៣ឆ្នាំ បានលើកឡើងដូច្នេះថា៖ «វាគួរឱ្យអស់សំណើចណាស់! Greta ត្រូវតែធ្វើការលើការគ្រប់គ្រងកំហឹងរបស់នាង ហើយបន្ទាប់មកទៅមើលរឿងស្នេហាជាមួយមិត្តភក្តិ។ Chill Greta, Chill!»។

គួរបញ្ជាក់ថា យុវតី Greta Thunberg ជាប់ឈ្មោះជា«បុគ្គល មានឥទ្ធិពលបំផុតប្រចាឆ្នាំ២០១៩» របស់ទស្សនាវដ្ដី Time កាលពីថ្ងៃពុធ សម្រាប់បញ្ចុះបញ្ចូលឱ្យយុវជនជាង៤លាននាក់ ចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែ នេះមិនមែនជាលើកទីមួយឡើយដែលលោក ត្រាំ និយាយចំអកដាក់ក្មេងស្រីរូបនេះ ដោយកាលពីខែកញ្ញា នាឱកាស កិច្ចប្រជុំមហាសន្និបាត UN លោក ក៏ធ្លាប់ប្រើពាក្យវាយប្រហារលើ Greta ផងដែរ៕