(ឡុងដ៍)៖ លទ្ធផលបោះឆ្នោតដែលចេញផ្សាយជាបណ្ដើរៗបានឱ្យដឹងថា គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) កំពុងនាំមុខគេនៅក្នុងការបោះឆ្នោតសកលមុនអណត្តិ កាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅទីក្រុងឡុងដ៏) ដោយអាចនឹងទទួលបានសំឡេងគាំទ្រភាគច្រើន និងសមល្មមគ្រប់គ្រាន់ ក្នុងការយកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប តាមការសន្យានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមលទ្ធផលដែលកំពុងរាប់ចេញពីហិបឆ្នោត គណបក្សអភិរក្សនិយមត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងភាគច្រើនភ្លូកទឹកភ្លូកដី មិនធ្លាប់មានចាប់តាំងពីសម័យអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ម៉ាហ្គារ៉េត ថាត់ឆឺ (Margaret Thatcher)។ គណបក្សមួយនេះអាចនឹងទទួលបានសំឡេងគាំទ្រ ៣៦៨អសនៈ (កាលពីឆ្នាំ២០១៧ បានតែ ៣១៧អសនៈ) នៅក្នុងចំណោមអសនៈសរុប៦៥០ ហើយដែលនេះនឹងផ្ដល់សំឡេងភាគច្រើន ៨៦អសនៈសម្រាប់លោក Boris Johnson បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី។ ចំណែកឯគណបក្សពលករ អាចនឹងទទួលបាន ១៩១អសនៈ បើធៀបទៅនឹងការបោះឆ្នោតកាលពីលើកមុន គណបក្សនេះទទួលបាន ២៦២អសនៈឯណោះ។

គួរបញ្ជាក់ថា បើសិនជាលទ្ធផលមិនទាន់ផ្លូវការខាងលើ នៅតែមិនមានការប្រែប្រួល នោះជ័យជម្នះនៅពេលឆាប់ៗខាងមុខ នឹងអនុញ្ញាតឱ្យលោក Boris Johnson ផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះ ជាផ្លូវការតែម្តងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០៕