(បូលីវី)៖ ប្រធានាធិបតីស្ដីទីបូលីវី លោកស្រី Jeanine Anez បានឱ្យដឹងថារដ្ឋាភិបាលរបស់លោកស្រីនឹងចេញដីកាចាប់ខ្លួន អតីតប្រធានាធិបតីបូលីវី លោក Evo Morales ពីបទធ្វើសកម្មភាពឧទ្ទាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោកស្រី Anez បានគូសបញ្ជាក់ដូច្នេះថា៖« លោក Evo Morales អាចត្រឡប់មកកាន់ប្រទេសបូលីវីវិញ នៅពេលណាក៏ដោយឱ្យតែលោកចង់ ពីព្រោះគាត់បានចាកចេញពី ប្រទេសដោយខ្លួនឯង...តែដីកាចាប់ខ្លួនរូបលោកនឹងចេញ នៅប៉ុន្មានថ្ងៃមុខនេះ ដោយសារតែយើងបានធ្វើការចោទប្រកាន់ រូបគាត់រួចរាល់ហើយ»

គួរជម្រាបថា បច្ចុប្បន្ន លោក Evo Morales កំពុងជ្រកកោននៅក្នុងប្រទេសអាហ្សង់ទីន ក្នុងនាមជាជនភៀសខ្លួន បន្ទាប់ពី បានចាកចេញពីប្រទេសម៉ិចស៊ីកូ ជាទីដែលលោកបានជ្រកកោនជាច្រើនខែ និងគេចខ្លួនពីការតាមចាប់ពីសំណាក់អាជ្ញាធរ នៃរដ្ឋាភិបាលរបស់លោកស្រី Jeanine Anez ។ លោក Morales បានលាលែងចេញពីតំណែងកាលពីខែតុលាកន្លងទៅ ក្រោម សម្ពាធពីយោធា បន្ទាប់ពីរងការចោទប្រកាន់ថាបានបន្លំលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលបង្ហាញថាលោកជាអ្នកឈ្នះ។ ប៉ុន្តែ Morales ក៏បានចោទត្រឡប់ទៅវិញដែរថាអ្វីដែលកើតឡើងចំពោះលោក គឺជាការធ្វើរដ្ឋប្រហារ៕