(ដូហា)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) នាថ្ងៃសៅរ៍នេះបានថ្លែងនូវសារមួយចំនួន ដែលលោកទំនងជាចង់បានន័យថា លោកអាចនឹងបន្តនៅកាន់អំណាចលើសពីឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានលើកឡើង ពាក់ព័ន្ធនឹងរឿងកាន់អំណាចបែបនេះ បន្ទាប់ពីត្រូវក្រុមអ្នកសារព័ត៌មានចោទសួរ កំឡុងវេទិកានៃកិច្ចសន្ទនា Doha Forum ដែលប្រព្រឹត្តទៅនៅទីក្រុង Doha នៃប្រទេសកាតា ដើម្បីទទួលបានចម្លើយថា តើរូបលោកនឹងលាលែងពីអំណាចនៅក្នុងឆ្នាំ២០២០ ឬមួយក៏យ៉ាងណា? លោក Mathathir បានឆ្លើយតបថា លោកមានបំណងចង់ដោះស្រាយឲ្យបាននូវបញ្ហានានា ដែលបង្កើតឡើងដោយរដ្ឋាភិបាលជំនាន់មុន មុនពេលលោកអាចលាលែងពីតំណែង នាយករដ្ឋមន្រ្តីទៅដោយស្ងប់ចិត្ត។ លោក Mahathir បានសង្កត់ថា លោកមិនអាចផ្តល់ការធានាបានឡើយថា តើនរណាឲ្យប្រាកដដែលនឹងត្រូវឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីបន្តពីរូបលោក។

កាលពីថ្ងៃអង្គារសប្តាហ៍នេះលោក Mahathir បានសន្យាជាថ្មីម្តងទៀតថា លោកនឹងប្រគល់តំណែងជានាយករដ្ឋមន្រ្តីទៅឲ្យ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បើទោះបីជាលោក Anwar កំពុងប្រឈមមុខការចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទថ្មីទៀតក៏ដោយ ហើយលោក Mahathir ក៏ទំនងជាអាចផ្ទេរអំណាចនៅក្រោយបញ្ចប់ការប្រជុំកំពូល «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC» ដែលម៉ាឡេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះក៏ថាបាន។ ប៉ុន្តែបើយោងតាមការលើកឡើងខាងលើ គ្រប់គ្នាក៏ហាក់មានមន្ទិលសង្ស័យថា វាប្រហែលនឹងមិនដូច្នោះឡើយ។

គួរជម្រាបថា លោក Mahathir Mohamad បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយសម្ព័ន្ធគណបក្សនយោបាយ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) បានឈ្នះឆ្នោត។ នៅក្នុងសម្ព័ន្ធគណបក្សនេះ គណបក្សរបស់ Anwar ដែលជាអ្នកនយោបាយធ្លាប់ជាប់ពន្ធនាគារពីរលើក ពាក់ព័ន្ធបទចោទប្រកាន់ ករណីរួមភេទរវាងប្រុសនិងប្រុសដូចគ្នា និងអំពើពុករលួយនោះ មានទំហំធំជាងគេបង្អស់។ សម្រាប់វ័យរបស់អ្នកទាំងពីរ លោក Anwar មានអាយុ ៧២ឆ្នាំ រីឯលោក Mahathir មានអាយុ ៩៤ឆ្នាំ ដែលជាមេដឹកនាំវ័យចំណាស់បំផុតនៅលើពិភពលោក៕