(វ៉ាស៊ីនតោន)៖ ក្រោយពីត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់អស់មួយគ្រឿង កាលពីខែមិថុនា ហើយមួយគ្រឿងទៀតទើបជួបបញ្ហាកាលពីខែវិច្ឆិកា ព្រមទាំងករណីធ្លាក់ខ្ទេចមួយគ្រៀងផ្សេងទៀត កាលពីឆ្នាំ២០១២ ឥឡូវនេះកងទ័ពជើងទឹកអាមេរិក នៅសល់យន្តហោះដ្រូនស៊ើបការណ៍ធុនធំ RQ-4A តែ ០២គ្រឿងប៉ុណ្ណោះដើម្បីធ្វើប្រតិបត្តិការ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។

ទីបញ្ជាការនៃទ័ពជើងទឹកអាមេរិកប្រចាំការនៅឈូងសមុទ្រពែក បានឲ្យដឹងថា យន្តហោះដ្រូន RQ-4A Broad Area Maritime Surveillance - Demonstrator (BAMS-D) បានបុកវត្ថុមួយ កំឡុងពេលហោះឡើងចេញមូលដ្ឋានទ័ព ដែលជាហេតុធ្វើឲ្យវាទទួលរង ការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នោះដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានបង្កការខូចខាតគិតជាទំហំទឹកប្រាក់យ៉ាងតិចក៏ ២លានដុល្លារដែរ។ កាលពីពេលដែលកងទ័ពជើងអាមេរិកទិញយន្តហោះដ្រូននោះ វាមានតម្លៃត្រឹម ២៣លានដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្លៃរបស់វានាពេលនេះស្មើនឹង ១៨០លានដុល្លារ។

ចំណែកកាលពីខែមិថុនា ឆ្នាំ២០១៩នេះ យន្តហោះដ្រូន RQ-4A មួយគ្រឿង ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់។ ទីក្រុងតេហេរ៉ង់បានអះអាងថា យន្តហោះដ្រូននោះបានរំលោភចូលដែនអាកាសរបស់ខ្លួន ទើបត្រូវបានប្រព័ន្ធមីស៊ីលអ៊ីរ៉ង់បាញ់ទម្លាក់បែបនេះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានប្រកែកថា យន្តហោះដ្រូនស៊ើបការណ៍របស់ខ្លួន គឺស្ថិតនៅលើផ្ទៃអាកាសនៃដែនទឹកអន្តរជាតិឯណោះទេ នៅពេលវាត្រូវគេបាញ់។ យន្តហោះដ្រូនប្រភេទនេះមួយគ្រឿងទៀតរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅតំបន់ Chesapeake Bay ភាគខាងកើតអាមេរិក។ ប្រការនេះធ្វើឲ្យយន្តហោះដ្រូន RQ-4A របស់យោធាជើងទឹកអាមេរិកសល់ត្រឹម ០២គ្រឿង។

គួរជម្រាបថា កងទ័ពជើងទឹកអាមេរិកបានកែច្នៃយន្តហោះដ្រូន RQ-4A នេះដែលផលិតឡើងដោយក្រុមហ៊ុន Northrop Grumman ចំនួន ០៥គ្រឿង សម្រាប់ឲ្យកងទ័ពអាកាសអាមេរិកប្រើប្រាស់ ហើយត្រូវដាក់ឈ្មោះឲ្យថា RQ-4A Global Hawk ឬក៏ Global Hawk។ កងទ័ពជើងទឹកអាមេរិក ក៏មានយន្តហោះដ្រូនស៊ើបការណ៍ធុនធំស៊េរីមួយទៀតហៅថា MC-4C Triton ដែល ជាស៊េរីថ្មីត្រូវបានអភិវឌ្ឍន៍ឡើងដោយផ្អែកលើគំរូ RQ-4A ហើយទើបតែបានចាប់ផ្តើមចូលបំពេញប្រតិបត្តិការកាលពីឆ្នាំ២០១៨ តែប៉ុណ្ណោះ៕