(ប៉េកាំង)៖ កម្មកររ៉ែ ១៤នាក់បានស្លាប់ និង ០២នាក់ផ្សេងទៀតកំពុងជាប់គាំងនៅក្រោមដី បន្ទាប់ពីមានហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្ម និងឧស្ម័នកើតឡើងនៅថ្ងៃអង្គារនេះ នៅតំបន់រុករករ៉ែមួយកន្លែងក្នុងខេត្តគួយចូវ (Guizhou) នៃភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរចិន ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ១៖៣០នាទីយប់ឈានចូលថ្ងៃអង្គារនេះ នៅក្នុងអណ្ដូងរ៉ែកក្វាងឡុង (Guanglong Coal Mine) ស្ថិតនៅតំបន់អានឡុង (Anlong) ចំពេលដែលកម្មកររុករករ៉ែ ២៣នាក់ កំពុងធ្វើការនៅក្រោមដីនៃអណ្ដូងរ៉ែនេះ។ ចំណែកឯកម្មករ ០៧នាក់ទៀត ត្រូវបានចេញមកខាងក្រៅដោយសុវត្ថិភាព ខណៈ១៤នាក់ត្រូវបានក្រុមសង្គ្រោះអះអាងថា បានបាត់បង់ជីវិតទៅហើយ និង ០២នាក់ កំពុងជាប់គាំងនៅក្រោមដីនៅឡើយ។

គួរជម្រាបថា មូលហេតុផ្ទុះអណ្ដូងរ៉ែនេះមិនត្រូវបានបញ្ជាក់នោះទេ រីឯការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែជារឿយៗហេតុការណ៍បែបនេះ ត្រូវបានគេបន្ទោសទៅលើការរំលោភបទដ្ឋានសុវត្ថិភាព និងអំពើពុករលួយ ដែលបញ្ហាបែបនេះ រដ្ឋាភិបាលចិនកំពុងតែព្យាយាមលុបបំបាត់យ៉ាងក្តៅគគុក៕