(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែលស្ពើរ (Mark Esper) បានបញ្ជាក់នៅថ្ងៃចន្ទសប្ដាហ៍នេះថា កូរ៉េខាងជើងទំនងជាអាចនឹងដឹកនាំការធ្វើតេស្ដមួយ បើសិនជាពួកគេមិនសប្បាយចិត្ត ស្របពេលមានការព្រួយបារម្ភថា ប្រទេសទាំងពីរអាចនឹងត្រឡប់ ទៅរកស្ថានភាពតានតឹងខ្លាំងដូចកាលពីឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់បោះអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ជាច្រើនលើក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានផ្ទុះឡើងនាពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងអាវុធយុទ្ធសាស្ត្រថ្មីមួយ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបសូហេ (Sohae) កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ។ លោក Esper បានកត់សម្គាល់ប្រាប់អ្នកសារព័ត៌មាននានាយ៉ាងដូច្នេះថា «យើងបានដឹជជែកអំពី ការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើងហើយខ្ញុំគិតថា ពួកគេអាចនឹងបន្តធ្វើតេស្ដទាំងនេះ បើពួកគេមិនសប្បាយចិត្ត»

យ៉ាងណាក៏ដោយប្រមុខការពារជាតិអាមេរិករូបនេះ មិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលកូរ៉េខាងជើងនឹងធ្វើតេស្ដនោះទេ តែក្រុមអ្នកជំនាញជាច្រើនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បង មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាថ្មីឡើងវិញ ខណៈឱសានវាទដែលលោក គីម ជុងអ៊ុន កំណត់ឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម និងស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩ បើពុំដូច្នោះទេកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង៕