(ប៉ារីស)៖ ករណីធ្វើឃាតអ្នកកាសែត នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះមានចំនួនសរុប ៤៩នាក់ ដែលជាតួលេខទាបបំផុតមួយក្នុងអំឡុងពេល ១៦ឆ្នាំមកនេះ។ នេះបើតាមការផ្សាយរបស់ CNA ដកស្រង់ពីរបាយការណ៍របស់ ក្រុមអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (Reporters Without Borders ឬ RWB)។

របាយការណ៍ពីអង្គការអន្តរជាតិ RWB ក៏បានបញ្ជាក់ផងដែរថា ទោះបីជាស្ថានការណ៍នៅតំបន់មួយចំនួន ហាក់មានសភាពស្ងប់ស្ងាត់បន្តិចបន្តួចមែន តែជម្លោះនៅយ៉េមែន ស៊ីរី និងអាហ្វហ្គានីស្ថាន នៅតែជាភាពគ្រោះថ្នាក់សម្រាប់ ក្រុមអ្នកយកព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ហើយចំនួនអ្នកកាសែតដែលបានស្លាប់ និងរបួសច្រើនបំផុតជាប្រចាំឆ្នាំ ក៏ស្ថិតនៅក្នុងបណ្តាប្រទេសទាំងអស់នេះដែរ។

គួរបញ្ជាក់ថា ជាមធ្យមអ្នកកាសែត ៨០នាក់បានបាត់បង់ជីវិតក្នុងមួយឆ្នាំ ដោយសារតែសង្គ្រាម និងការហែកហួរគ្នានៅទូទាំងពិភពលោក បើគិតក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងឆ្នាំ២០១៩ នេះតែម្តងគឺអ្នកកាសែតសរុប ១៤នាក់បានបាត់បង់ជីវិតនៅតំបន់អាមេរិកឡាទីន ដែលចំនួននេះគឺអាក្រក់ដូចទៅហ្នឹងតំបន់មជ្ឈិមបូព៌ាទៅហើយ៕