(គូឡាឡាំពួរ)៖ មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទបន្លំខ្លួនធ្វើជាមន្ត្រីប៉ូលិស ដើម្បីជំរិតទារប្រាក់ពីជនបរទេស នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមប៉ូលិសម៉ាឡេស៊ី ជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមប៉ូលិសដើរល្បាតមួយក្រុម ប្រទះ ឃើញពួកគេជិះក្នុងរថយន្ដមួយគ្រឿង ដោយមានសកម្មភាពគួរឱ្យសង្ស័យ នៅម៉ោង១១៖៣០នាទីយប់ កាលពីចុងសប្ដាហ៍ កន្លងទៅ ក្នុងសង្កាត់ Taman Mesra នៃតំបន់ Jalan Bagan Lalang។ ក្រោយស៊ើបអង្កេត និងសាកសួរ ទើបប៉ូលិស រកឃើញថាពួកគេបានបន្លំខ្លួនធ្វើជាមន្ត្រីប៉ូលិស ក្នុងគោលបំណងជំរិតទារប្រាក់ពីជនបរទេសដែលមិនមានឯកសារ គ្រប់គ្រាន់។

គួរបញ្ជាក់ថា បើតាមប៉ូលិសម៉ាឡេស៊ី បុរសទាំង៤នាក់ មានអាយុចន្លោះ១៩ឆ្នាំ ដល់៣៦ឆ្នាំ បានជំរិតទារប្រាក់ពីជនបរទេស ចំនួន៣០នាក់ ក្នុងនោះរួមមានទាំងជនបរទេសម្នាក់ដែលបង់ប្រាក់ឱ្យពួកគេ ១២,០៧០ដុល្លារ។ ជនសង្ស័យទាំងនេះបាន បង្ខំឱ្យជនរងគ្រោះចូលក្នុងរថយន្ដរបស់ពួកគេ ហើយធ្វើការគំរាមកំហែងថានឹងបញ្ជូនជនរងគ្រោះទៅកាន់ប៉ុស្ដន៍ប៉ូលិស៕